ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពបន្លំលួចដោះខ្សែក និងយកម៉ូតូម៉ាកហុងដាស្កុបពីមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាពពីនារីម្នាក់ ខណៈដែលជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវលេខ១៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ស៊េរី០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FM-5336 តែម្នាក់ឯង ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្លងទៅផ្លូវលេខ១៦៥ ស្របគ្នានោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកZOOMER-X ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-8367 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ១៦៥ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូស្កុបពីរបស់នារីរងគ្រោះចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ZOOMER-X រងរបួសសន្លប់ស្ដូកស្ដឹង រីឯអ្នកអង្គុយខាងក្រោយរងរបួសស្រាល ។ ដោយនារីរងគ្រោះខាងម៉ូតូស្កុបពី រងរបួសបែកមុខបែកមាត់ ។
ប្រភពដដែលបន្តថា ភ្លាមៗនេះក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានដើរមកកន្លែងកើតហេតុ ហើយបានមកធ្វើសកម្មភាពបន្លំលួចដោះខ្សែក និងយកម៉ូតូម៉ាកហុងដាស្កុបពីមួយគ្រឿងម៉ូតូស្កុបពីរបស់ស្ត្រីរងគ្រោះ ជិះគេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់ដោយសុវត្ថិភាព ។ ភ្លាមៗនោះ រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពរស្មី បានចុះមកធ្វើការដឹកបុរសរងគ្រោះ ដែលសន្លប់ស្ដូកស្ដឹង យកទៅសង្គ្រោះ ខណៈបុរសម្នាក់ទៀត ដែលជាអ្នកអង្គុយពីក្រោយរងរបួសស្រាល បានលើកម៉ូតូរបស់ខ្លួនជិះទៅតាមរថយន្តសង្គ្រោះបន្ទាន់ផងដែរ ។
ក្រោយកើតហេតុ មួយស្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានជួយធ្វើការទំនាក់ទំនង ស្វែងរកសាច់ញាតិរបស់ស្ត្រីរងគ្រោះផងដែរ ។ បន្ទាប់មកសាច់ញាតិក្រុមគ្រួសារស្ត្រីរងគ្រោះ បានមកដល់កន្លែងកើតហេតុ ប៉ុន្តែដោយស្ត្រីរងគ្រោះរងរបួសធ្ងន់ មិនអាចនិយាយបាន ទើបសមត្ថកិច្ចប្រាប់ឲ្យសាច់ញាតិ ធ្វើការបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យសិន រង់ចាំត្រលប់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១វិញ នៅពេលជំងឺបានធូរស្បើយ ។
បច្ចុប្បន្នជនសង្ស័យ ដែលធ្វើសកម្មភាពបន្លំលួចដោះខ្សែក និងយកម៉ូតូជនរងគ្រោះទៅបាត់នោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី