ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅល្ងាច ថ្ងៃទី១២ ខែឧសភា នគរបាល បានឃាត់ខ្លួន ជនសង្សយ័ជាជនជាតិចិនម្នាក់ ពីបទជួញដូរចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០ នាទីទៀបភ្លឺ ។
ការបង្ក្រាបនេះ ធ្វើឡើងពេលកម្លាំងផែនព្រហ្មទណ្ឌ ជិះម៉ូតូល្បាតនៅក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូ មើលទៅគួរឲ្យសង្ស័យ ក៏បានឃាត់ខ្លួនសួរនាំ, ពិនិត្យម៉ូតូដែលរូបគេជិះ និងឈានទៅឆែកឆេរផ្ទះដែលជួលស្នាក់នៅ ស្ថិតក្នុង ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ ជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរបុគ្គលិក ហាង ម៉ាស្សា ។
សមត្ថកិច្ចដកហូតបានវត្ថុតាង : ម៉ូតូ១គ្រឿង, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣២កញ្ចប់តូច, ថ្នាំញៀនម៉ាក WY ៣២គ្រាប់, បារីសង្ស័យមានសារធាតុញៀន១០ដើម, ទូរស័ព្ទដៃ១គ្រឿង (លាក់ទុកក្រោមកែបម៉ូតូ ), ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ៣កញ្ចប់ធំ, ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, សម្ភារសម្រាប់វេចខ្ចប់មួយចំនួន (ដកហូតបាននៅផ្ទះដែលជនសង្ស័យជួលស្នាក់នៅ ) ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត ចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ