ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្មរណ្ដៅដីនៅឃុំម្កាក់ ស្រុកអង្គស្នួល ខុសបច្ចេកទេសរបស់ឈ្មួញ ជា កុយ គ្មាននរណាហ៊ានប៉ះ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ព្រមទាំងលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ចាត់វិធានការផ្អាកអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ ជា កុយ នៅក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។

ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះ ជា កុយ បានយកលេសនៃការស្នារត្រពាំងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្តែការពិតឈ្មួញឈ្មោះ ជា កុយ កំពុងធ្វើអាជីវកម្មរណ្ដៅដី ហើយដឹកជញ្ជូនអាចម៍ដីលក់ប្រមូលលុយបានរាប់សែនដុល្លារធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់មេឃុំម្កាក់ និងពីសំណាក់អភិបាលស្រុកអង្គស្នួល ទេនោះគឺឈ្មួញឈ្មោះ ជា កុយ មិនអាចយកលេសនៃការស្ដារត្រពាំងដើម្បីធ្វើអាជីវកម្មរណ្ដៅដីប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដូចសព្វថ្ងៃនេះឡើយ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ បានឲ្យដឹងទៀតថា កន្លងមកមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល បានតម្រូវឲ្យឈ្មួញឈ្មោះ ជា កុយ ជីករណ្ដៅដីដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប៉ុន្តែឈ្មួញឈ្មោះ ជា កុយ បែរជាយកប្រជាពលរដ្ឋធ្វើជាខែលដើម្បីជីករណ្ដៅដីធំៗជ្រៅៗដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះហើយដែលជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ អំពាវនាវឲ្យអភិបាលខេត្តកណ្ដាល ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់អាជីវកម្មរណ្ដៅដីខុសបទដ្ឋានបច្ចេកទេសរបស់ឈ្មួញឈ្មោះ ជា កុយ ជាបន្ទាន់។

បើតាមប្រភពពីមន្ត្រីអាជ្ញាធរឃុំម្កាក់ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មេឃុំម្កាក់ និងពីសំណាក់លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ទេនោះគឺឈ្មួញឈ្មោះ ជា កុយ មិនអាចធ្វើអាជីវកម្មរណ្ដៅដីធំៗជ្រៅៗក្រោមលេសស្ដារត្រពាំងបានឡើយ។ ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់មេឃុំម្កាក់ ក៏ដូចជាពីសំណាក់លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ទើបឈ្មួញឈ្មោះ ជា កុយ អាចបន្តប្រើលេសស្ដារត្រពាំងឡើងវិញដើម្បីជីករណ្ដៅដីក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ហើយដឹកជញ្ជូនអាចម៍ដីលក់ប្រមូលបានលុយរាប់សែនដុល្លារ។

ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ព្រមទាំងលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ចាត់វិធានការផ្អាកសកម្មភាពអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ ជា កុយ ជាបន្ទាន់ព្រោះឈ្មួញឈ្មោះ ជា កុយ កំពុងយកប្រជាពលរដ្ឋធ្វើជាខែលក្នុងរឿងស្ដារត្រពាំងឡើងវិញដើម្បីធ្វើអាជីវកម្មរណ្ដៅដីយ៉ាងងងើល ៕


ចែករំលែក៖