ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានចាក់ដីនៅស្រែអំពិលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានចាក់ដីលុបបឹងមួយកន្លែង មានទីតាំងនៅមុខវត្តស្រែអម្ពិល ភូមិស្រែអម្ពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ បង្កគ្រោះដល់អ្នកដំណើរដោយសារតែរថយន្តដឹកដីចេញពីរណ្តៅ កំពប់អាចម៍ដីធ្លាក់មកលើផ្លូវធ្វើឲ្យអ្នកដំណើរដួលម៉ូតូជាបន្តបន្ទាប់ ចំណែកអាជ្ញាធរឃុំស្រុកគ្មានចំណាត់ការចំពោះឈ្មួញដែលទទួលម៉ៅការចាក់ដីទាល់តែសោះ ។

កន្លងមក ការដ្ឋានចាក់ដីនៅមុខវត្តស្រែអំពិលនេះ បានផ្សាយម្តងរួចមកហើយដើម្បីជំរុញឲ្យអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកកៀនស្វាយមានវិធានការចំពោះឈ្មួញទទួលម៉ៅការចាក់ដីឲ្យក្រុមហ៊ុនចិន តែមកដល់ពេលនេះ អាជ្ញាធរហាក់ដូចជាគ្មានចំណាត់ការទៅលើឈ្មួញរកស៊ីចាក់ដីទាល់តែសោះ រហូតធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បា ជាពិសេសបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដួលម៉ូតូជាបន្តបន្ទាប់ ។

បងស្រី សោម ឡូត មានទីលំនៅជាប់ការដ្ឋាន ដែលកំពុងចាក់ដីបានប្រាប់ថា ការដ្ឋានចាក់ដីនេះ មានរយះពេលជាង១ខែហើយ ដឹកដីកំពប់រៀងរាល់ថ្ងៃ មិនដែលមានអ្នកណាបោសកើបចេញពីលើផ្លូវឡើយ ផ្លូវចាក់កៅស៊ូងាយស្រួលក្នុងការធ្វើដំណើរប្រែក្លាយទៅជាផ្លូវដីបាត់បង់សណ្តាប់ធ្នាប់ បំពុលបរិស្ថាន ដល់ពេលភ្លៀងធ្លាក់បង្កគ្រោះថ្នាក់ដល់អ្នកដំណើរដួលម៉ូតូរាល់ថ្ងៃ ចំណែកអ្នកទទួលម៉ៅការចាក់ដីលុបបឹងមិនគិតពីផលប៉ះពាល់ ដល់អ្នកដំណើរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើយដឹងតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។

ជាសំណូមពរសូមឲ្យលោកអភិបាលស្រុក និងលោកអភិបាលខេត្តជួយអន្តរាគមន៍ និងមានចំណាត់ការទៅលើឈ្មួញរកស៊ីដឹកដីធ្វើឲ្យដីកំពប់លើផ្លូវនេះផង ។

ចំណែកលោកអ៊ំ ង៉ាន សុទ្ធ មានទីលំនៅក្បែរកន្លែងការដ្ឋានបានប្រាប់ដូច្នេះថា ក្រោយពីភ្លៀងធ្លាក់២_៣ថ្ងៃនេះ បានធ្វើឲ្យអ្នកដំណើរគ្រោះថ្នាក់ជាបន្តបន្ទាប់នៅពីមុខផ្លូវផ្លូវចេញ ចូលការដ្ឋានដឹកដី ព្រោះដីដែលធ្លាក់ចេញពីរថយន្តមកលើផ្លូវស្រែអំពិលជាប្រភេទដីឥដ្ឋ ពេលរាំងភ្លៀងហុយទ្រុបទ្រុលមើលផ្លូវស្ទើមិនឃើញ សំណូមពរសុំឲ្យអាជ្ញាធរស្រុក ខេត្តគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង ។

សូមបញ្ជាក់ថា កាលពេលថ្មីៗកន្លងទៅលោកស្រី អ៊ុកសឿន មេឃុំឈើទាល បានប្រាប់តាមទូរស័ព្ទថា ការដ្ឋានចាក់ដីនេះ មិនដឹងជារបស់ក្រុមហ៊ុនណាទេ គ្រាន់តែដឹងថា ជារបស់ក្រុមហ៊ុនចិន ចំណែកអ្នកម៉ៅការចាក់ដីមានទីលំនៅក្នុងឃុំឈើទាលកន្លងមកខាងឃុំបាន ហៅមកធ្វើកិច្ចសន្យាឲ្យគោរពតាមការណែនាំរបស់រដ្ឋបាលស្រុកកៀនស្វាយ និងអាជ្ញាធរឃុំដែរ តែឥឡូវនេះក្រុមរកស៊ីម៉ៅការចាក់ដីមិនអនុវត្តតាមឡើយ ហើយលោកស្រី និងរាយការណ៍ទៅរដ្ឋបាលស្រុកដើម្បីសុំគោលការណ៍ ។

ជាក់ស្តែងមកដល់ពេលនេះ ឈ្មួញរកស៊ីដឹកដីនៅតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរថែមទៀតអាជ្ញាធរឃុំ ស្រុក និងខេត្ត គ្មានចំណាត់ការទាល់តែសោះ ៕ សណ្តោស


ចែករំលែក៖