ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុស២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានលង់ទឹកបាត់បង់ជីវិតកាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបឹងទំនប់ថ្មី ភូមិគោកសំពរ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្មេងរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ធៀន សុវណ្ណចាន់ធឿន ភេទប្រុស អាយុ៩ឆ្នាំ ត្រូវជាបង និងម្នាក់ទៀតឈ្មោះ ធៀន សុវណ្ណចាន់ឌី ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាប្អូន ។ ក្មេងរងគ្រោះទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ និងមានម្តាយឈ្មោះទឹន សារ៉ាត់ អាយុ៣២ឆ្នាំ ចំណែកឪពុកឈ្មោះទឹត សុឌឿន អាយុ៣៨ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពពីឪពុកម្តាយក្មេងរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ កូនៗទាំង២នាក់របស់ពួកគាត់បានដើរទៅងូតទឹកនៅកន្លែងកំពង់ទូក ដោយពួកគាត់មិនបានចាប់អារម្មណ៍ និងនឹកមិនឃើញថា កូនចុះទៅងូតទឹកនោះទេ ស្រាប់តែកូនរបស់ពួកគាត់លង់ទឹកស្លាប់ទាំ២នាក់បាត់ទៅហើយ ទោះជាពួកគាត់ខំយកកូនទាំង២នាក់ទៅសង្គ្រោះដែរ តែហូសពេលទៅហើយ ។ បន្ទាប់ពួកគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឲ្យចុះមកពិនិត្យ ។
តាមប្រភពពីប៉ូលិសអធិការស្រុកអន្លង់វែងបានឲ្យដឹងថា ក្រោយពីបានទទួលបាននូវសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសពក្មេងរងគ្រោះទាំង២នាក់ ។
តាមប្រភពពីប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពិនិត្យរួច រកឃើញថា ក្មេងប្រុសទាំង២នាក់បងប្អូនពិត ជាលង់ទឹកស្លាប់ប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពក្មេងរងគ្រោះទាំង២នាក់ ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ បែន នួន