ភ្នំពេញ៖ បុរសម្នាក់ ជាជាងផ្សារដែកបានរងរបួសយ៉ាងដំណំ ខណៈដែលក្រុមចោរប្លន់មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដាវ នាំគ្នាមកធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូ ធ្វើឲ្យជនរងគ្រោះភ័យផ្ដួលម៉ូតូកាន់សោរត់ ក៏ត្រូវក្រុមជនសង្ស័យដេញតាមកាប់ជាច្រើនដាវ ដើម្បីដណ្ដើមយកសោបានសម្រេចហើយ ក៏លើម៉ូតូជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាព ។
ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងរង្វង់មូលដីក្រហម (ឬរង្វង់មូលស្ត្រីកាន់គួរស្រូវ) ប្រហែល១គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ សិន អាយុប្រហែលជាង៣០ឆ្នាំ ជាជាងផ្សាដែក ស្នាក់នៅការដ្ឋានម្ដុំរង្វង់មូលគួរស្រូវ មានស្រុកកំណើតនៅម្ដុំផ្សារស័ង្កសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯម៉ូតូ ដែលជនរងគ្រោះខ្ចីគេជិះ ត្រូវបានចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម(Honda Dream)សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2052 ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានខ្ចីម៉ូតូមិត្តភក្តិមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ទៅញាំការមិត្តភក្តិ នៅម្ដុំក្បាលថ្នល់ ហើយពេលញាំការរួចខ្លួនបានបន្តទៅច្រៀងខារ៉ាអូខេមួយកន្លែងជាមួយមិត្តភក្តិផ្សេងទៀត ពេលច្រៀងចប់ ខ្លួនបានចេញពីខារ៉ាអូខេវិញ ដោយជិះម៉ូតូតែម្នាក់ឯងធ្វើដំណើរតាមផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូង ។
ខណៈមកជិតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមចោរប្លន់មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដាវនាំគ្នាធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូរបស់ខ្លួនតែម្តង ពេលនោះរូបគេមានការភ័យខ្លាចក៏ផ្ដួលម៉ូតូចោល រួចដកសោកាន់ជាប់នឹងដៃព្យាយាមរត់គេចខ្លួន ទើបត្រូវបានក្រុមជនសង្ស័យដេញតាមកាប់ជាច្រើនដាវ បណ្ដាលឲ្យរបួស ហើយជនសង្ស័យដណ្ដើមយកសោម៉ូតូបានក៏ជិះម៉ូតូចេញទៅបាត់ដោយសុវត្ថិភាព ។
បន្សល់ទុកជនរងគ្រោះរងរបួសសុះខ្លួនប្រាណ តែសំណាងល្អក្រុមចោរមិនយកទូរស័ព្ទរូបគេបានទូរស័ព្ទទាក់ទងមកប្រាប់ម្ចាស់ម៉ូតូ ឲ្យទៅជួយខ្លួនផង ។ បន្ទាប់ពីកើតហេតុ បុរសជាម្ចាស់ម៉ូតូ(មិត្តភក្តិជនរងគ្រោះ)មកដល់កន្លែងកើតហេតុក៏បានរាយការណ៍រាយការណ៍តាមវិទ្យុក្នុងស្រុកឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីសង្គ្រោះផងដែរ ។
ក្រោយកើតហេតុ ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ពានថ្ម បានចុះទៅដល់មន្ទីរពេទ្យជ័យជំនះ ដើម្បីធ្វើការសាកសួរជនរងគ្រោះផងដែរ ។ បន្ទាប់ពីសាកសួរជនរងគ្រោះរួចសមត្ថកិច្ច បានឲ្យដឹងថា ទីតាំងកើតហេតុនោះស្ថិតក្នុងសង្កាត់រលួសទេ មិនមែនស្ថិតក្នុងសង្កាត់ស្ពានថ្មនោះទេ ទើបលោកនាយប៉ុស្តិ៍នគរបាលស្ពានថ្ម បានរាយការណ៍បន្តទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួស ដើម្បីទទួលព័ត៌មាននេះ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ នៅប៉ុស្តិ៍រដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់ទាំងនោះយកមកដាក់ទោសតាមច្បាប់ ។
ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកឲ្យដឹងថាករណីប្លន់ខាងលើនេះមិនមែនកើតនៅក្នុងទីដីខណ្ឌដង្កោទេ គឺលោកបានឲ្យកម្លាំងប៉ុស្តិ៍និងជំនាញ ចុះទៅដល់កន្លែងកើតហេតុហើយ គឺទឹកដីឃុំកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល” ។
គួរបញ្ជាក់ផងដែរថា កន្លងមកបទល្មើស ស្ទាក់វាយ កាប់ ភ្ជង់ប្លន់តែងតែកើតមានឡើងក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោជាញឹកញាប់ពេក ទើបបានជាលោកអធិការរូបនេះ មិនព្រមទទួលស្គាល់ថា ក្នុងទឹកដីរបស់ខ្លួនពិតជាអសន្តិសុខនោះ ៕ ភារ៉ា ដង្កោ