ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាពេលជិះរថយន្តឈ្នួល បន្លំលួចទូរស័ព្ទបានសម្រេច ហើយប្រុងគេចខ្លួន ត្រូវម្ចាស់ស្រែកទាន់ ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទដៃមួយគ្រឿង ពីស្ត្រីម្នាក់ នៅលើរថយន្តឈ្នួល បានសម្រេចហើយប្រុងរត់គេចខ្លួន ក៏ត្រូវស្រ្តីរងគ្រោះឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍កំពុងល្បាតនៅក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ពីបទលួច (លួចទូរស័ព្ទដៃម៉ាក I phone 6 ០១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥៥Eo ផ្លូវលេខ១២៨ ក្រុមទី២៩ ភូមិ៨សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ ស៊ីថា ហៅ ស៊ីថា ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងការដ្ឋានសំណង់ម្ដុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មាន ស្រុកកំណើត ភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុ រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅ ភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ក្រោយកើតហេតុបាន យកទូរស័ព្ទដៃរបស់ខ្លួន រួចចាកចេញទៅបាត់ មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនោះទេ) ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១រសៀល ជនរងគ្រោះឈ្មោះ អ៊ុ រ៉ា ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរ បានជិះរថយន្តឈ្នួលចេញពីផ្សារស្គុនមកលេងបងប្អូននៅម្ដុំពោធិ៍ចិនតុង រាជធានីភ្នំពេញ លុះពេលជនរងគ្រោះបានជិះតាមផ្លូវមកដល់ចំណុចស្ពានព្រែកតាមាក់ ក៏មានជនសង្ស័យឈ្មោះ ចាន់ ស៊ីថា ហៅ ស៊ីថាភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានឡើងជិះរថយន្តឈ្នួលមកភ្នំពេញដែរ នៅតាមផ្លូវជនសង្ស័យបាននិយាយគ្នាលេងជាមួយ និងជនរងគ្រោះស្គាល់គ្នាមួយដំណើរ លុះពេលជនរងគ្រោះឈ្មោះ អ៊ុ រ៉ា ជិះរថយន្តឈ្នួលមកដល់ចំណុចមុខផ្ទះលេខ៤៥៥Eo ផ្លូវលេខ១២៨ ក្រុមទី២៩ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ម្ចាស់រថយន្តឈ្នួលបានឈប់រថយន្តដើម្បីផ្ដិតរូបថតមួយភ្លែត ស្រាប់តែជនសង្ស័យឈ្មោះ ចាន់ ស៊ីថាហៅ ស៊ីថា បានធ្វើសកម្មភាព លួចយកទូរស័ព្ទដៃម៉ាក I phone 6 ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ អ៊ុ រ៉ា រួចបានយកមកលាក់ទុកនៅក្នុងហោប៉ៅខោខាងមុខ ខាងស្ដាំហើយរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានឃើញទាន់ក៏ស្រែកថា ចោរៗឲ្យគេជួយ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋផ្សារដេប៉ូទី៣ និងប្រជាពលរដ្ឋនៅក្បែរនោះជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ស៊ីថា
រួចយកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ និងការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះម្ចាស់ទូរស័ព្ទក្រោយកើតហេតុ បានយកទូរស័ព្ទដៃរបស់ខ្លួនពីជនសង្ស័យទៅវិញ រួចចាកចេញទៅបាត់ មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចទេ ។

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ស រស្មី

 


ចែករំលែក៖