ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីស RX300 បើកបុកទ្រូងផ្លូវបាក់អស់៣កង់ រួចបើកទៅលាក់ខ្លួនចូលផ្លូវឌឿងហែម ត្រូវសមត្ថកិច្ចរកឃើញ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ បើករថយន្តឡិចស៊ីស RX300 រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ហើយព្យាយាមបើកគេចខ្លួនទៅប្តូរកង់នៅច្រកចូលផ្លូវឌឿងហែម តែត្រូវសមត្ថកិច្ចតាមរកឃើញ កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ទុប អុីនដឺខន តាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-1823 បើកបរដោយយុវជនម្នាក់ រួមដំណើរដោយយុវជន២នាក់ទៀតមកជាមួយ ធ្វើដំណើរតាមចេញពីស្ទុប អុីនដឺខន មកផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់វៀចអស់៣កង់ ឯរថយន្តបង្កក៏រងការខូចខាតផ្នែកទ្វាខាងឆ្វេង និងបែកកង់មុខផងដែរ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានព្យាយាមបើកគេចខ្លួនទាំងរថយន្តបែកកង់មុខ ។ តែចុងក្រោយនៅតែសមត្ថកិច្ចរកឃើញរថយន្តបង្កដដែល និងបានទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖