ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច បណ្តាលទាក់ដៃចង្កូតូរេទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួល រួចរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវ៨៦ កែងនឹងផ្លូវ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ចែក ណុច ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាជាស៊ីមចំរើនរដ្ឋ មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ប៊ីតពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HG-8528 ធ្វើដំណើរតាមបណ្តោយផ្លូវ៨៦ ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ៦១ ចំណុចកើតខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសដៅគ្នា មិនបានសម្រេច បណ្តាលទាក់ដៃចង្កូត ជាមួយម៉ូតូកង់បី រួចរេចង្កូតទៅបុករថយន្តមួយគ្រឿង បើកនៅខាងមុខបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យបានរត់ផ្លោះរបង ចូលទៅសម្ងំលាក់ខ្លួនក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឡោមពទ្ធ័ចាប់វាយខ្នោះភាមៗ ចំណែកជនរងគ្រោះមិនឈប់នៅនិងកន្លែងកើតនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើកំណត់ហេតុ រួចបញ្ជូនបន្តទៅអធិការដ្ឋនគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមច្បាប់៕ ភារ៉ា ដង្កោ