ព័ត៌មានទាន់ហេតុការណ៍៖

ជនសតិមិនប្រក្រតីម្នាក់ ដើរដេកតាមផ្លូវ ត្រូវរថយន្តកិន ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាមនុស្សសតិមិនប្រក្រតី បានដើរដេកកណ្ដាលផ្លូវ ត្រូបានរថយន្តបើកកិន កណ្ដាល ខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តប អុីនដឺខន ក្បែរផ្សារដើមគ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី បានដើរ ដេកតាមផ្លូវ ជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុក បណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ ។ នៅយប់កើតហេតុ ស្រាប់ តែបុរសរូបនេះ មកដេកកណ្ដាលផ្លូវត្រង់ ចំណុចស្តុប អុីនដឺខន ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាកជាច្រើនគ្រឿងបើកកិនចំខ្លួនរងរបួសធ្ងន់ ហើយរថយន្តទាំងនោះ បានបន្តដំណើរទៅបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ឡើយពួកពេទ្យទាំងអស់នោះ ។

ក្រោយមក ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ តែបានស្លាប់ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងយកតម្កល់នៅវត្តទឹកថ្លា ៕ ជ្រោយពេជ្រ


ចែករំលែក៖