ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកគ្រឿងចក្រ បើកមិនប្រកាន់ស្ដាំ បុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់ បន្សល់តែព្រូរថយន្ត សមត្ថកិច្ចហៅសួរនាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ រថយន្តដឹកគ្រឿងចក្រ បើកមិនប្រកាន់ស្ដាំបុកអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ ហើយបើកគេចខ្លួនបាត់ បន្សល់តែព្រូរថយន្តម្នាក់ ត្រូវសមត្ថកិច្ចហៅមកសាកសួរ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥រសៀល ស្ថិតនៅភូមិ ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកថា បុរសរងរបួសធ្ងន់ឈ្មោះ សោម គន់ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរបាត់ដាវ ឃុំ បន្សាយរាក់ ក្រុង សំរោង ខេត្ត ឧត្តមានជ័យ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ឆ្នាំ២០០៩ ពាក់លេខ ស្វាយរៀង 1A 9460 ខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើករថយន្តបង្ក មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយឃើញមិនស្រួលបើកគេចខ្លួន បន្សល់តែព្រូរថយន្តដែលសមត្ថកិច្ចហៅមកសាកសួរមានឈ្មោះ កៅសុីផា ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិ វាលស្បូវ ឃុំ វាលស្បូវស្រុក កៀនស្វាយ។

សាក្សីថា រថយន្តដឹកគ្រឿងចក្រ (ស្លាពាំ) ធ្វើដំណើរពីជើង ទៅត្បូង រួចក៏បានបត់ទៅកើត បុកបុរសម្នាក់ជិះម៉ូតូធ្វើដំណើរបញ្ច្រាសគ្នារងរបួសធ្ងន់សន្លប់ ត្រូវដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

សមត្ថកិច្ចទៅដល់ឃើញព្រូរថយន្តម្នាក់ នាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករំដួល ហើយក៏អនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានវិញ ។

បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖