ខេត្តស្វាយរៀង៖ ស្ត្រីវ័យក្មេងម្នាក់បានចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ប្ដី និងឪពុកម្ដាយនាំគ្នាស្រែកទ្រហ៊ោយំឮដល់អ្នកភូមិទាំងព្រឹក វេលាម៉ោង៦ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែក បានឲ្យដឹងថា ស្ត្រីគិតខ្លីមានឈ្មោះ មាស ពុទ្ធា អាយុ២០ឆ្នាំ រស់នៅភូមិតាកុតឃុំត្រពាំងស្តៅ ស្រុករមាសហែក ។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានមនុស្សចងកសម្លាប់ខ្លួនកម្លាំង សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញខេត្ត និងគ្រូពេទ្យបានពិនិត្យសាកសពជាច្រើនម៉ោង សន្និដ្ឋានថា សពពិតជាស្លាប់ដោយចងកមែន ខណៈបានចូលក្នុងបន្ទប់ទឹកក្រោមផ្ទះរបស់ខ្លួន ដោយយកក្រមា ចងកភ្ជាប់ និងផ្លានដំបូលបន្ទប់ទឹកផងដែរ ។
បើតាមអ្នកភូមិបានឲ្យដឹងថា កាលពី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីគិតខ្លីឈ្លោះ និងជេរប្តីយ៉ាងខ្លាំង ខណៈបានបោះកន្ទេលខ្នើយឲ្យប្តីដេកក្រៅបន្ទប់ ដោយខឹងថា ប្តីទៅស៊ីការគេនៅដល់យប់ជ្រៅយូរពេក(ទំនងជាប្រចណ្ឌ័) ។
ប្រភពបន្ថែមទៀតថា រហូតដល់ល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ម្តាយបង្កើតដែលមានឈ្មោះ មាស នន់ដែលរស់នៅផ្ទះជាមួយគ្នាបាននិយាយអប់រំប្រៀនប្រដៅថា ថ្ងៃក្រោយកុំឲ្យជេរប្តីបែបនេះទៀត ខុសត្រូវនិយាយគ្នាកុំឲ្យអ្នកជិតខាងគេសើចចំអកដាក់ ព្រោះយើងជាស្ត្រី ទើបបណ្ដាលឲ្យស្ត្រីខាងលើខឹងថា ម្តាយកាន់ជើងកូនប្រសារ ទើបសម្រេចចងកសម្លាប់ខ្លួនតែម្តង ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន