ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបានជាក់ស្តែង កាលពីវេលាម៉ោង ៥ និង២០នាទីល្ងាច ថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ មិនបានសម្រេច) នៅមុខផ្ទះលេខ១៣៥ ផ្លូវលេខ ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៤៨៩ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីឡេត ពណ៌ ស-ទឹកប្រាក់ លេខតួ-លេខម៉ាស៊ីន៤០៨៥០៤ ពាក់ស្លាកលេខ ភ្នំពេញ 1DE-2040 ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖