ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាចុងភៅ ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកម៉ូតូបុគ្គលិកនារី កាស៊ីណូ របួសធ្ងន់ទាំងសងខាង នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុស ស្រី ២នាក់ បានរងរបួសធ្ងន់ ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ម៉ូតូ២គ្រឿងបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះបាញ់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ១៦៣ និង១៦៤ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ម៉ូតូបង្កហេតុដែលម្ចាស់បើកមិនប្រកាន់ស្ដាំមានឈ្មោះ ត្រូវ ស្រឺ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ហាងចិន មានទីលំនៅភូមិដង្ហើត ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៩ ពាក់ស្លាកលេខ តាកែវ ១Q-៤៤៦២ ខូចខាតយ៉ាងដំណំ ។ ចំណែកភាគីស្ត្រីរងគ្រោះមានឈ្មោះ ពេជ្រ ចាន់ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី មានទីលំនៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១K-៤១៨៤។

សាក្សីថា បុរសម្នាក់បានជិះម៉ូតូធ្វើដំណើរទិសដៅ ពីលិចទៅកើតល្បឿនលឿនមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ជិះដោយស្រ្តី ក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតមកលិច យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតែម្ដង។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ទាំងសងខាង ត្រូបញ្ជួនទៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង ហើយប៉ូលិសបានវាស់វែងនិងអូសមធ្យោបាយម៉ូតូទាំង២គ្រឿង យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖