ក្រសួងចរាចរណ៍ អាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា បានប្រកាស ផ្អាករាល់ជើងហោះហើរស៊ីវិល ទាំងអស់ ពីអាមេរិកទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ។ ការសម្រេចខាងលើក្រោយពេល ក្រសួងសន្តិសុខជាតិ អាមេរិក បានស្នើឲ្យផ្អាកហោះហើរដើម្បីសន្តិសុខ ។ ក្រសួងសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា វេណេហ្ស៊ុយអេឡាកំពុងតែគំរាមកំហែងដល់សន្តិសុខអាកាសចរណ៍ ។
សហរដ្ឋអាមេរិក បានប្រកាសផ្អាករាល់ជើងហោះហើរទាំងឡាយ មិនថា ជើងហោះហើរដឹកអ្នកដំណើរ ឬដឹកទំនិញអ្វីឡើយ គឺត្រូវតែផ្អាកទាំងស្រុង ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ក្រោមលេសថា បញ្ហាសន្តិសុខ ។
នាយកដ្ឋានសន្តិសុខមាតុភូមិអាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា បានប្រកាសថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ជាបន្ទាប់ជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញ រវាងសហរដ្ឋអាមេរិក នឹងវេណេហ្ស៊ុយអេឡា ពីព្រោះវិបត្តិនយោបាយនៅក្នុងប្រទេសនេះ បានគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាពអ្នកដំណើរ, គំរាមកំហែងដល់យន្តហោះ និងអាកាសយានិក ។
ការសម្រេចចិត្តនេះ នឹងក្លាយជាផលប៉ះពាល់ធ្ងន់ធ្ងរមួយ សម្រាប់ពលរដ្ឋវ៉េណេហ្ស៊ុអេឡារាប់លាននាក់ ដែលពឹងផ្អែកលើការបរិច្ចាគ ឬការផ្ញើប្រាក់ពីសាច់ញាតិនៅបរទេស ដើម្បីបានរស់នៅ ខណៈដែលសេដ្ឋកិច្ចក្នុងប្រទេសរបស់ពួកគេ រងនូវការបំផ្លាញភាគច្រើន មិនថាតែវិស័យឧស្សាហកម្ម ឬកសិកម្ម រដ្ឋាភិបាលបានកាត់បន្ថយការនាំចូល ។ មនុស្សជាច្រើនពឹងផ្អែកលើសេវាដឹកជញ្ជូនផ្លូវអាកាសពីទីក្រុង ម៉ៃអាមី (Miami)ដើម្បីទទួលបានថ្នាំពេទ្យដែលខ្វះខាត, គ្រឿងបន្លាស់យានយន្ត និងម្ហូបអាហារជាដើម ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការផ្អាក់ហោះហើរខាងលើ ជាសញ្ញា អាក្រក់មួយសម្រាប់វេណេហ្ស៊ុយអេឡា ដោយអាមេរិក និងសម្ព័ន្ធមិត្តអាចប្រើប្រាស់ កម្លាំងវាយប្រហារទៅលើរដ្ឋាភីបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ៕