ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំ ចូលក្នុងគន្លងផ្លូវម្ខាងទៀត និងគ្មានភ្លើងបំភ្លឺផ្លូវ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវបេតុង7NGច ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1AC-9080 បើកបរដោយឈ្មោះ ប៉ាត សាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1A-8387បើកបរដោយឈ្មោះឈួ ស៊ីងហៀត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(រងរបួសធ្ងន់) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកណ្ដាល1AC-9080 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកច្រាសទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូបង្កម៉ាកហុងដាឌ្រីមពាក់ស្លាកលេខកណ្ដាល1AC-9080ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កណ្ដាល1A-8387 ទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ច បានចុះមកអន្តរាគមន៍ កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់ យកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ពន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច វាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖