ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ស្លាប់ និងម្នាក់ទៀត របួសស្រាលខណៈបើកម៉ូតូឌុបគ្នាត្រូវរថយន្តHINOធុនធំ បុកនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ នារី២នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHINO បើកមកបុក បណ្ដាលឲ្យនារីម្នាក់ជាអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតជាអ្នកឌុបរងរបួសស្រាល ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងមុខយានដ្ឋាន​ជួសជុល​រថយន្ត​ ឡាយ​ម៉េង​ ហ៊ាម​ លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ញឹម​ ស្រីនាង​ ភេទស្រី អាយុ​២៥ឆ្នាំ (ជាអ្នករួមដំណើរ) និងជនរងគ្រោះម្នាក់ទៀតរបួសស្រាលឈ្មោះ ញឹម​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ ជាអ្នកបើកបរម៉ូតូម៉ាកYAMAHA FINO ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ​1CX-5211 ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិស្លែង ឃុំស្វាយរំពា​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ។ ចំណែករថយន្តបង្កម៉ាកHINO ពណ៌​ទឹកមាស​+ខៀវ​+លឿង​ ពាក់ស្លាកលេខ តាកែវ​3A-1519 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូជនរងគ្រោះខាងលើ ធ្វើដំណើរឌុបគ្នាតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកHINOមួយគ្រឿង ដែលធ្វើដំនើរស្របទិសគ្នា បានបើកមកបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យនារីម្នាក់ជាអ្នករួមដំណើរពីក្រោយទទួលរងរបួសរបួសធ្ងន់ រីឯអ្នកបើកបររងរបួសស្រាល ភ្លាមនោះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានមកអន្តរាគមន៍កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តែជាអកុសល នារីរងគ្រោះបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ វាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺ បណ្ដាលមកពីអ្នកបើកបរ​រថយន្ត​បើកខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ


ចែករំលែក៖