ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ធដៃពីស្ត្រីពីរនាក់ម្តាយ និងកូនកំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចពីខណ្ឌទួលគោករត់ មកដល់ខណ្ឌដូនពេញ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានមានឈ្មោះហេង សេរីវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ សាលាវិទ្យាល័យជាសុីមសាមគ្គី ស្នាក់នៅសង្កាត់មានជ័យ១ ខណ្ឌមាមជ័យ មានស្រុកកំណើត ឃុំកោះអន្កង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកបក្ខពួកម្នាក់ឈ្មោះសី ហា រត់គេខ្លួនបាត់ ។
តាមសម្តីបុរសពីរនាក់ឃើញហេតុការណ៍ និងជាអ្នកដេញចាប់ជនសង្ស័យបានឲ្យដឹងថា មុនកើតហេតុរូបគាត់ឃើញស្ត្រីពីរនាក់ម្តាយ និងកូនតូចជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AT-4978ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំម៉ាកពីរស្ត្រីពីរនាក់ម្តាយ និងកូនបានសម្រេច ខណៈនោះរូបគាត់ទាំងពីរនាក់ឃើញ ហេតុការណ៍នោះបានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មីខណ្ឌដូនពេញរូបគាត់បានយកមួកសុវត្ថិភាពវាយមួយមួកបណ្តាលឲ្យជនសង្ស័យរេចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យដួលធ្វើផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញកំពុងល្បាតឃើញ ជួយដេញចាប់បានជនសង្ស័យបានម្នាក់ចំណែកបក្ខពួក ម្នាក់ទៀតរត់គេចខ្លួនបាត់ និងបានយកទូរសព័្ធដៃជនរងគ្រោះមួយគ្រឿងទៅជាមួយផងដែរ ។ បន្ទាប់មកសមត្ថកិច្ចខណ្ឌដូនពេញបានប្រគល់ជនសង្ស័យជូនទៅសមត្ថកិច្ខខណ្ឌទួលគោកវិញ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជនសង្ស័យឈ្មោះ ហេង សេរីវឌ្ឍនា បានសារភាពថា រូបគេជាអ្នកបើកម៉ូតូ ។ ចំណែកជនសង្ស័យឈ្មោះ សី ហា នៅអង្គុយក្រោយជាអ្នកឆក់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងកំពុងសួរនាំបន្តរួចធ្វើកំណត់ហេតុ បញ្ជូនទៅអធិការអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមច្បាប់ ។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ ៕ សុខាសែនជ័យ