ព័ត៌មានទាន់ហេតុការណ៍៖

ជា ស្រីរ័ត្ន ប៉ះជា លាងឈែ ក្នុងរឿង “បុប្ផាស្រុកស្រែ”

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ បានប្រកាសត្រៀមផលិតរឿងភាគថ្មីមានចំណងជើង “បុប្ផាស្រុកស្រែ” ដែលលក្ខណៈល្អសើច ជក់ចិត្តជាមួយស្នេហារវាងកំលោះ ក្រមុំ ដែលជាតួឯកក្នុងរឿង ។ ភាពយន្តនេះ គ្រងតំណែងតួឯកដោយតារាស្រីស្រស់សោភា កញ្ញា ជា ស្រីរ័ត្ន និងលោក ជា លាងឈែ ។

ការប្រកាសចេញថត និងបង្ហាញមុខតារាសម្តែងត្រូវបានធ្វ្វើឡើងក្នុងពិធីក្រុងពាលីកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានរំលេចដោយតួឯកគឺ កញ្ញា ជា ស្រីរ័ត្ន និងលោក លាង ឈែ ដែលពួកគេប៉ះគ្នាជាលើកទី២ ខណៈសាច់រឿងនេះ ក្រៅជាមានឈុតឆាកស្នេហាបែបកំប្លែងហើយក៏បង្ហាញនៅផ្ទៃរឿងមានការតស៊ូប្រឆាំងនឹងចោរ បំបាត់អំពើពុករលួយ និង ស្មារតីអភិវឌ្ឍន៍ក្នុងភូមិឃុំ ។

កញ្ញា ជា ស្រីរ័ត្ន បានប្រាប់ថា សម្រាប់រឿងភាគថ្មីនេះ នាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយជាពិសេសនោះបានសម្តែងជាមួយតួឯកប្រុសជាលើកទី២ ខណៈរឿងស្នាដៃមុនជាមួយលោក លាង ឈែ ក្នុងរឿង “ទាយាទអសុរ” កន្លងមកទទួលបានជោគជ័យ និងគាំទ្រពីមហាជន ។ សម្រាប់រឿងនេះ នាងមិនធ្វើឱ្យខកបំណងចំពោះទស្សនិកជនឡើយ និង ខំប្រឹងបញ្ចេញសមត្ថភាពឱ្យអស់ដើម្បីរឿងថ្មីមួយនេះ កាន់តែល្អ ។ តារាស្រីរូបនេះបានបញ្ជាក់ថា ក្នុងរឿងនេះ ក៏មានឈុតឆាកពិបាកៗជាច្រើនផងដែរ ដូចជា ធ្វើជាមនុស្សចរឹតមនុស្សប្រុស មិនខ្លាចនរណាឡើយ ជាពិសេសរៀងកោចកាចបន្តិចក្លាហានស៊ូជាមួយចោរ ។ ក្នុងនោះក៏មានឈុតមួយ នាងតម្រូវឱ្យនាងពូកែជិះម៉ូតូ និង ចេះជិះជ្រេរ ធ្វើយ៉ាងឱ្យប្លែកល្អមើល ។

សម្រាប់តួឯកប្រុសលោក លាង ឈែ វិញបានបង្ហើបផងដែរថា ទោះបីជារឿងថតនៅតាមស្រុកស្រែមានការលំបាកបន្តិចមែនក៏លោកស៊ូថតបាន ពីព្រោះលោកពេញចិត្តចំពោះសាច់រឿងនេះទាំងមូល។ ជាពិសេសនោះ លោកបានសម្តែងជាលើកទី២ក្នុងនាមជាតួឯកជាមួយកញ្ញា ជា ស្រីរ័ត្ន ។ លោកសង្ឃឹមថា សម្រាប់រឿងនេះលោកនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា រឿងនេះថតបានសម្រេចដើម្បីបានចាក់បញ្ចាំងជូនបងប្អូនពុកម៉ែទស្សនិកជននាខាងមុខនេះ។

គួរបញ្ជាក់ថា រឿងភាគថ្មី “បុប្ផាស្រុកស្រែ” ក្រៅពីតួឯកមានតារាជាច្រើនដូចទៀតដូចជា លោក សេង រតនៈ, កញ្ញា លី រីណា, លោក ស្រេន វុធថា, អ្នកនាង ស្វែង សុជាតា, លោក ទ្រី ឃិម, កញ្ញា ដាលីន និងកញ្ញា ផា ណាម៉ុច។ រឿងនេះក្រុមផលិតករស្ថានីយទូរទស្សន៍លេខ៥នឹងត្រូវចំណាពេល៣ខែ ក្នុងថត ហើយទីតាំងថតត្រូវបានដាក់នៅជាយរាជធានីភ្នំពេញ និង ក្នុងខេត្តកំពង់ចាម ហើយគ្រោងនឹងចាក់បញ្ចាំងក្រោយពេលផលិតចប់ ៕ វឌ្ឍនា


ចែករំលែក៖