ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាក សែនសូនីតា​លេចដំណឹងខាតជំនួញរាប់សែនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា ហៅតូតា និងគូស្នេហ៍ ដែលល្បីរឿងបើកមុខជំនួញដំណើរការហាងលក់អាហារគ្រឿងសមុទ្រ យីហោ “ផែសមុទ្រ” នោះ កំពុងប្រឈមនឹងការខាតបង់ច្រើន ។ មានការទម្លាយថា នាងអាចនឹងខាតបង់ប្រាក់អស់រាប់សែនដុល្លារអាមេរិក ព្រោះតែហាងសាខាមួយចំនួនដែលបានបើកដំណើរការបន្តបន្ទាប់មានហាងខ្លះខាតបង់ ។

ប្រភពពីអ្នកសិល្បៈដែលជិតដិតនាងបានលើកឡើងថា តូតា និងគូស្នេហ៍ជាថៅកែផលិតកម្ម នោះកំពុងរកដំណោះស្រាយបន្តខណៈដែលមុខជំនួញបើកហាងលក់អាហារសមុទ្រមួយចំនួនប្រឈមនឹងការបិទទ្វារ ខណៈដែលហាងខ្លះបានត្រឹមចំណូលទប់ទល់មិនអាចទប់នឹងហាងថ្មីៗមួយចំនួនដែលខ្សត់ភ្ញៀវ ។ ប្រភពបន្តថា គម្រោងបើកដំណើរការហាងយីហោ ផែសមុទ្រ ឲ្យបាន១២ហាងគឺអាចនឹងមិនសម្រេចតាមផែនការនោះទេ ។ មានការលើកឡើងដែរថាហាងខ្លះបានបិទព្រោះតែការខាតបង់ច្រើន បន្តបន្ទាប់ដែលគេដឹងថាហាងទាំងអស់ចាយលុយប្រមាណកន្លះលានដុល្លារអាមេរិក ។ ប្រភពបន្តថា សូម្បីតែគម្រោងបើភោជនីយដ្ឋានទ្រង់ទ្រាយធំ ចាយលុយ៣លានដុល្លារអាមេរិកនៅខេត្តកំពតលើផ្ទៃដី៣ហិចតានោះ ក៏មិនទាន់លេចចេញរូបរាងពិតប្រាកដនៅឡើយ ។

នៅមិនទាន់អាចទាក់ទងការបញ្ជាក់ពីតារាសម្តែង ម៉ាកសែន សូនីតាបាននៅឡើយទេ ។ ទោះជាយ៉ាងណាជីវិតគូស្នេហ៍របស់ពួកគេនៅតែផ្អែមល្ហែមដដែល ខណៈដែលគេដឹងថាអ្នកទាំងពីរកំពុងរស់នៅក្រោមដំបូលតែមួយដូចប្តីប្រពន្ធ ។ តូតា មិនដែលបង្ហាញអារម្មណ៍ខ្វាយខ្វល់ប្រាប់មិត្តរួមអាជីពទេ ផ្ទុយទៅវិញនាងតែធ្វើដំណើរកម្សាន្តយ៉ាងសប្បាយចិត្តជាមួយគូស្នេហ៍ ជាមួយនឹងជិវិតហ៊ឺហាដូចដើម៕ វឌ្ឍនា


ចែករំលែក៖