ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប បុកស្លាកសញ្ញាចរាចរ និងចិញ្ចើមផ្លូវ រួចក្រឡាប់ជាច្រើនជុំបណ្តាលឲ្យរងរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប បុកស្លាកសញ្ញាចរាចរ និងចិញ្ចើមផ្លូវ រួចក្រឡាប់ជាច្រើនជុំ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោងជិត៥ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-1688 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណ រងរបួសបែកក្បាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តបង្កធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅបុកស្លាកសញ្ញាចរាចរបាក់អស់១ដើម និងបុកចិញ្ចើមបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖