ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញារួច ទុករថយន្តចោល រត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញារងការខូចខាត ។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចច្រកចូលទឹកសុទ្ធ Oral ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតុហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណបាន បើករថយន្តម៉ាក 4Runner ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-8305 «រថយន្តខាងលើ មានបិតទ្បូហ្គោទូរទស្សន៍ប៉ុស្តិ៍លេខ៥ មិនដឹងថា គាត់ជាបុគ្គលិកប៉ុស្តិ៍លេខ៥ ឬយ៉ាងណាទេ» ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះទៅបុកបង្គោលភ្លើងនឹងស្លាកសញ្ញា បណ្តាលឲ្យបាក់អស់២ដើម ចំណែករថយន្តខូចខាតអស់មួយកំណាត់ខាងមុខនៅក្នុងហេតុការនេះដែរ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទ្បើយ គ្រាន់តែខូចខាតសម្ភារ:ប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរ ចុះមកស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖