ខេត្តកណ្ដាល៖ ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈរត់ឆ្លងផ្លូវ មិនមើលរថយន្ដកំពុងបើកឆ្លងកាត់ បានចូលទៅក្រោមកង់រថយន្ដ ត្រូវរថយន្ដកិន កាលពីថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ២១ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ គន្ធា សុវណ្ណារ៉ា អាយុ៣ឆ្នាំ រស់ក្នុងបន្ទុក មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ៣៣ឆ្នាំ មុខរបរ:លក់ដូរ ។ ចំណែករថយន្ដម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9625 (សណ្ដោងសឺមីរ៉ឺម៉កពីក្រោយពាក់ស្លាកលេខភ្នំពេញ 4A-1780) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3D-9625 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងមកជើង (ជ្រៃធំ-ភ្នំពេញ) លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងប្រុសម្នាក់ បានរត់ឆ្លងផ្លូវពីកើតមកលិច ក៏បានចូលទៅក្រោមកង់រថយន្ដ ខាងក្រោយ ផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅធ្វើការអន្ដរាគមន៍ពិនិត្យវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកទៅមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ការសន្និដ្ឋានរបស់សមត្ថកិច្ច បញ្ជាក់ថា ករណីនេះ គឺបង្កឡើងដោយអាណាព្យាបាលក្មេងមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យក្មេងរងគ្រោះរត់ឆ្លងផ្លូវចូលរថយន្ដដែលកំពុងបើកបរ កើតមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ