ភ្នំពេញ៖ រថយន្ដ២គ្រឿងបុកគ្នាក្នុងចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្ដកាកូម៉ា ខ្ទាត់ចូលស្រែប្រហែល១០០ម៉ែត្រ និងរថយន្ដមួយគ្រឿងទៀតធ្លាក់ផ្លូវផ្ងារមួយចំហៀងរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង២ រសៀល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មនុពេលកើតហេតុគេឃើញរថយន្ដម៉ានតូយ៉ូតា កាកូម៉ា មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-5624 ដែលបានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ពេលដែលឆ្លងកាត់ផ្លូវបំបែកជាបួនផ្លូវ៥០ម៉ែត្រជាចំណុចកើតហេតុ ក៏មានរថយន្ដកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2731 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ពេលនោះក៏បានបើកបុកពេញទំហឹងពាក់កណ្ដាលរថយន្ដកាកូម៉ា បណ្ដាលឲ្យខ្ទាត់ចូលស្រែប្រហែល១០០ម៉ែត្រ រងការខូចខាតពីចំហៀងយ៉ាងដំណំ ចំពោះរថយន្ដកូរ៉េ វិញធ្លាក់ផ្លូវផ្ងារមួយចំហៀង រងការខូចខាតពីចំហៀងមុខរថយន្ដយ៉ាងដំណំ ចំណែកក្នុងករណីខាងលើនេះ បណ្ដាលឲ្យមនុស្សមា្នក់រងរបួសដៃ។
ក្រោយពេលកើតសមត្ថកិច្ចខណ្ឌដង្កោ ក៏បានមកដល់កន្លែង បានឲ្យភាគីទាំង២នាក់សម្រួលគ្នាមួយសន្ទុះហើយ ក៏ភាគីខាងរថយន្ដកូរ៉េបានចេញថ្លៃការខូចខាតទៅលើរថយន្ដកាកូម៉ាចំនួន២០០$ដើម្បីបព្ចាប់រឿងតែម្ដង ៕ ភារ៉ា ដង្កោ