ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េ ស្តារិចមួយគ្រឿង សង្ស័យដាច់ហ្វ្រាំង បួងចង្កូតបោល បុកផ្ទះវេរលុយវីង ផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកូរ៉េស្តារិចប្រភេទដឹកទំនិញ បើកជែងរថយន្តដឹកប្រេងតែមិនផុត មានរថយន្តមួយគ្រឿងទៀតមកពីមុខ ហើយស្របពេលនោះដាច់ហ្វ្រាំង ក៏បួងចង្កូតមកខាងឆ្វេងដៃ ចូលផ្ទះវេរលុយវីង បុករះកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចថា ផ្ទះវេរលុយវីងនោះ មានម្ចាស់ឈ្មោះ ហែម ស៊ុន ភេទប្រុស អាយុ ៣៤ឆ្នំា មុខរបរជាងដែក មានប្រពន្ធឈ្មោះ ឃឹម សុម៉ាលី អាយុ៣៣ឆ្នំា រស់ នៅ ភូមិ ទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង (សំណាងមិននៅកន្លែងកើតហេតុ) ។

សម្ភារខូចខាត រោងដែកប្រក់សង្កសី ទំហំ ទទឹង៧ម៉ែត្រគុណបណ្តោយ ៧ម៉ែត្រ ស្លាកយីហោ១ ប្រវែង ១,៤ម៉ែត្រគុណ៨ម៉ែត្រ ។ ស្លាកយីហោតេលា ប្រវែង ២,១ម៉ែត្រគុណ៧ម៉ែត្រ, ខូចទូរវីង ប្រវែង ១,៥ម៉ែត្រ×២ម៉ែត្រ កម្ពស់ ២,៤០ម៉ែត្រ បង្គោលវីង១ ម៉ាស៊ីនស្វាន និងអាស្រម អ្នកតាផងដែរ ។

អ្នកបើករថយន្ត ក្រោយបង្កហេតុបានបើកទ្វាររត់គេចខ្លួន បន្សល់តែរថយន្ត ពាក់ស្លាកលេខ កំពង់ចាម ២A៥៤៧៣ នៅកន្លែងកើតហេតុ ។

សាក្សីថា ឃើញរថយន្តខាងលើ បើកបរពីលិច ទៅកើត លើផ្លូវជាតិលេខ១ ដល់ចំណុចកើតហេតុ បើកជែងរថយន្តដឹកប្រេង តែមានរថយន្តមួយគ្រឿងទៀតនៅពីមុខ រួចជ្រុលចង្កូតបួងទៅខាងជើងផ្លូវ បុករះចូលរោងខាងមុខផ្ទះវេរលុយវីង ខូចខាតតែម្ដង។

សមត្ថកិច្ចមូលដ្ឋានចុះធ្វើកំណត់ហេតុនិងអូសរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖