ភ្នំពេញ៖ ក្រោយពីហែលឆ្លងជិវិតលំបាកដោយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយក្រោមការរស់នៅផ្ទះជួលតោកយ៉ាកនោះ តារាចម្រៀង ចាន់ សម័យទទួលបានផ្ទះវីឡាកូនកាត់មួយខ្នងជាទីជម្រកពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ក្រោយផ្ទុះរឿងធ្លាក់ខ្លួនឈឺជំងឺរបេងឆ្អឹងខ្នង និងដល់ថ្នាក់ធ្លាក់ខ្លួនសំងំស្ទូចត្រីចិញ្ចឹមជីវិតគ្រួសារនោះ ម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» លោកចាន់ សម័យទទួលបានការជួយជ្រោមជ្រែងពីអ្នកសិល្បៈ និងសប្បុរសជនជាច្រើន។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ក៏បានជួយឧបត្ថម្ភ ជាទឹកប្រាក់ និងការលើកទឹកចិត្តដល់តារាចម្រៀងរូបនេះផងដែរ ។
មើលឃើញពីការលំបាកដែលត្រូវរ៉ាវរងជីវភាពរស់នៅផ្ទះជួល និងចិញ្ចឹមកូនប្រុសស្រីដល់៥នាក់ សម្តេចទាំងពីរ ក៏បានជួយឧបត្ថម្ភទីជម្រកសម្រាប់តារាចម្រៀងរូបនេះផងដែរ ដោយក្នុងនោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានជួយផ្តល់ដីសម្រាប់សាងសង់ផ្ទះ ដែលខណៈនេះតារាចម្រៀងរូបនេះ បានទទួលផ្ទះជាផ្លូវការ ដែលផ្ទះនោះនៅលើផ្ទះ ដៃប្រមា ៩ម៉ែត្រគុណ១២ម៉ែត្រ នាតំបន់ទួលពង្រ ខណ្ឌដង្កោផងដែរ ដែលតាមការបញ្ជាក់របស់លោកឧកញ៉ា បានលើកឡើងថា ផ្ទះនេះសាងសង់អស់ទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក និងតម្លៃដីគឺប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកផងដែរ ។
តារាចម្រៀង ចាន់ សម័យបានបង្ហាញពីអារម្មណ៍រំភើបទាំងមិននឹកស្មានថា ជីវិតដែលស្ទើរស្លាប់របស់លោក ត្រូវបានរស់ឡើងវិញ ជាមួយនឹងការទទួលបានការសណ្តោសប្រណីរបស់សម្តេចដោយផ្តល់ទីជម្រកសមរម្យសម្រាប់លោក ប្រពន្ធ និងកូនៗបានរស់នៅ ។
គួរបញ្ចាក់ដែរថា កម្មវិធីប្រគល់ផ្ទះនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ នៅផ្ទះផ្ទាល់ដោយមានការចូលរួមពីសំណាក់ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា លោកឧកញ៉ា ឡេងណាវ៉ាត្រា លោកចាន់ សម័យ និងក្រុមគ្រួសារផងដែរ ៕ វឌ្ឍនា