ខេត្តសៀមរាប៖ សមត្ថកិច្ចរាយការណ៍មកថា មានបុរសម្នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកស្រាយ៉ាងជោកជាំ ក្នុងពិធីជប់លៀងមង្គលការ មួយកន្លែងនៅក្នុងភូមិ បន្ទាប់មកបានស្លាប់នេះ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិតាគឹមលើ ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហៃ ហួត អាយុ៤២ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំ ខាងលើ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ក្រោយមកក៏បានស្លាប់ ។
បើតាមសាក្សី ឈ្មោះខៀវ ចាន់ថន អាយុ ៣៧ឆ្នាំ ជាប្រពន្ធបានរៀបរាប់ថា ប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺ តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីចូលរួមក្នុងពិធីជប់លៀងក្នុងពិធីមង្គលការ រហូតដល់ម៉ោង២និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែមានអការមិនស្រួលខ្លួន ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតែម្ដង ។
បើតានការសន្និដ្ឋានរបស់គ្រូពេទ្យថា ជនរងគ្រោះ អាចផឹកស្រាច្រើនលើកម្រិត ទើបបណ្ដាលឲ្យក្ដៅខ្លាំងរហូតស្ទះសរសៃឈាមស្លាប់។
ក្រោយមក ទើបសាច់ញាតិក្រុមគ្រួសារបានដឹកសាកសពមក លំនៅឋានវិញ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី