ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកភ្ញៀវទេសចរណ៍បន្ទាន់ ពីព្រលានយន្តហោះអន្តរជាតិសៀមរាប ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកក្នុងល្បឿនលឿន ឡើងជែងរថយន្តមួយគ្រឿងទៀត ជ្រុលបុកគូថរថយន្តដឹកទូ បណ្តាល ឲ្យស្លាប់ជនជាតិចិន២នាក់ , ខ្មែរ២នាក់ របួសធ្ងន់ ស្រាល កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភព មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស ៣៣០ ពណ៌ផ្សែងបារី ស្លាកលេខ ២B ១៤០១ បាត់ដំបង អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ដឹកភ្ញៀវជនជាតិចិនពីព្រលានយន្តហោះសៀមរាប មកក្រុងប៉ោយប៉ែត បើកពីទិសកើតទៅលិច ក្នុងល្បឿនលឿន ឡើងជែងរថយន្តផ្សេងទៀត រួចជ្រុលទៅបុកពីក្រោយរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដឹកទូ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ បណ្តាលឲ្យរួញ ហើយក្រឡាប់ នៅនឹងកន្លែងកើតហេតុ ខាងផ្នែករថយន្តឡិចស៊ីស គេឃើញបុរសម្នាក់ ស្ត្រីម្នាក់ ជាជនជាតិចិនបានស្លាប់កៀបជាប់ក្នុងឡាន ។ ចំណែក អ្នកបើកបររថយន្តឡិចស៊ីសពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2B.1401ឈ្មោះ លាន ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ ។
រីឯផ្នែករថយន្តដឹកទូវិញម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ប៉ៃលិន 3A.0205 អ្នកបើកបរ ឈ្មោះនង សុខ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងរងរបួសស្រាល ។ តែស្ត្រីជាប្រពន្ធ ដែលរួមដំណើរលក់ដូរ បានរងរបួសធ្ងន់បាក់ជើងម្ខាង ។
មន្ត្រីនគរបាលបន្តថា មកទល់ពេលនេះ សមត្ថកិច្ចបាននឹងកំពុងដឹកជញ្ជូនសពទៅរក្សាទុកនៅវត្ត ។ ឯអ្នករបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។ ក្រៅពីនោះ បានសម្អាត និងសម្រួលចរាចរណ៍ទីគ្រោះថ្នាក់ ៕ នីមវណ្ណា