ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូជ្រុលទៅបុកអ្នកបណ្តើរកង់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ជ្រុលទៅបុកអ្នកបណ្តើរកង់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៧យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវហាណូយ ខាងមុខខ្លោងទ្វារវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកស៊ុយស័រគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HH-1691 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ ក៏មានស្ត្រីម្នាក់បានបណ្ដើរកង់ដោយមានដឹកក្មេងស្រីអាយុ១ខួបកន្លះម្នាក់ពីក្រោយ ចេញមកពីទិញទឹកក្រឡុកនៅផ្លូវហាណូយ បំណងឆ្លងទៅខាងលិចផ្លូវវិញ ដើម្បីត្រលប់ទៅបន្ទប់ជួល ដែលនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវម៉ូតូបើកបុកពេញទំហឹង បណ្ដាលឲ្យស្ត្រីដែលជាអ្នកបណ្តើរកង់រងរបួសបែកក្បាលធ្ងន់ធ្ងរ និងក្មេងស្រីម្នាក់ទៀតរងរបួសស្រាល រីឯអ្នកបើកម៉ូតូសន្លប់ស្ដូកស្ដឹង ។

ភ្លាមៗនោះកសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនមហានគរ បានចុះមកអន្តរាគមន៍ដឹកយកជនរងគ្រោះ ដែលរបួសធ្ងន់ទាំងពីរនាក់ទៅសង្គ្រោះភ្លាមៗផងដែរ ។

បន្ទាប់ពីកើតហេសាច់ញាតិស្ត្រីរងគ្រោះ បានមកទទួលយកក្មេងស្រី ដែលរងរបួសស្រាលទៅព្យាបាល ចំណែកម៉ូតូ និងកង់ ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖