ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេបានហើយជិះរត់មិនរួច ជាប់អន្ទាក់នគរបាលប៉ុស្តិ៍អូរបែកក្អម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូគេបានហើយ តែរត់មិនរួច ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលអូរបែកក្អមស្ទាក់ចាប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ វ៉ា វង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ហោ សំអុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ ស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ សម្ភារៈ បន្សល់ទុក ៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AG-0040 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

យោងតាមបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថាមុពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកធ្វើការនៅចំណុចខាងលើ ដោយភ្លេចដកកូនសោរចេញពីម៉ូតូហើយជនរងគ្រោះ បានដើរចូលក្នុងកន្លែងធ្វើការ បានមួយសន្ទុះជនរងគ្រោះឃើញជនសង្ស័យខាងលើ ឡើងជិះ លើម៉ូតូរបស់ខ្លួន រួចជនសង្ស័យបញ្ឆេះម៉ាស៊ីនម៉ូតូជិះចេញ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ និងដេញតាម ជនសង្ស័យដល់ផ្លូវ២០០៤ បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម ឃើញហេតុការណ៍បានដេញតាមឃាត់ខ្លួនជនសង្ស័យយបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖