ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យសង្កត់តៃកុងស្លាប់យ៉ាងអាណោចអាធ័ម សង្ស័យបើកបរខុសបច្ចេកទេស ។
ហេតុការណ៍គ្រោះថ្នាក់នេះភ្ញាក់ផ្អើលនៅម៉ោង១០ និង១៥នាទី ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅការដ្ឋានប្រព័ន្ធធារាសាស្ត្រ ដែលកំពុងសាងសង់ ត្រង់ចំណុចដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញថា ជនរងគ្រោះដែលស្លាប់ឈ្មោះ អឿន សំអុន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តម៉ាក ហ៊ុយហ្សូ ពណ៌ស គ្មានស្លាកលេខ បញ្ជាក់ រថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍ ។
ប្រភពថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ អឿន សំអុន បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ បម្រុងថយចាក់បេតុងដូចសព្វមួយដង ខណៈនោះស្រាប់តែ រេចង្កូតជ្រុលធ្លាក់ចូលក្នុងរណ្ដៅដី រួចក្រឡាប់សង្កត់ខ្លួនឯងបណ្ដាលឲ្យស្លាប់បែបនេះតែម្ដង ។
សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ខាងលើ ធ្វើកំណត់ហេតុ ៕ ប៉ឹម ពិន