ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអង្គកាJICA លើគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ក្រោយពីសិក្សាស្រាវជ្រាវ អស់រយៈពេល១២ខែ បានបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត អ៊ីតូមិមប៉េអ៊ិ(Dr. lto Minpei) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិជប៉ុនJICA (ប្រទេសជប៉ុន) នៅថ្ងៃព្រហស្បតិ៏ ៥រោចខែពិសាខ ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៩ បានចុះហត្ថលេខា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិជប៉ុនJICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកក្រោយពីសិក្សាស្រាវ ជ្រាវអស់រយៈពេល១២ខែ ត្រូវបានបញ្ចប់ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានបញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអគុណ ចំពោះដៃគូអភិវឌ្ឍន៍Jica ជប៉ុនដែលតែងតែបន្ដជួយ ដល់កិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះ បានផ្តោតសំខាន់ទៅលើការធ្វើឲ្យប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថានព្រមទាំងបានលើកកម្ពស់ដល់សោភ័ណភាពរាជធានីភ្នំពេញ សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុខភាពជាពិសេសផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋថែមទៀត ។

លោក អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលជប៉ុនដែលតែងតែលើកទឹកចិត្ត បន្ដជួយ ឧបត្ថម្ភគាំទ្រដល់រដ្ឋាបាលរាជធានីភ្នំពេញលើការភិវឌ្ឍន៍កសាងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមរយៈកិច្ចសហប្រតិបត្តិការជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការជំនួយបច្ចេក ទេស និងកិច្ចសហប្រតិបត្តិការការទូតដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនថែមទៀត ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដចាប់ដៃគូអភិវឌ្ឍន៍ ដ៏ល្អជាមួយក្រុមការងារគម្រោងរបស់JICAរួមជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ីធីអាយ(CTI) ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែរហូតបានបញ្ចប់ការសិក្សា និងដាក់ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក ហើយឈានមកដល់ការចុះហត្ថលេខាលើព្រមព្រៀងរវាងភាគីទាំងពីរនាពេលនេះ ។

លោកបន្ដថា ៖ គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនឹងត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែឆ្នៃទឹកកខ្វក់ក្នុងបរិមាណ ៥០០០ម៉ែត្រគូប/ថ្ងៃដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ ។ លោកសង្ឃឹមថាគម្រោងនេះ នឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ ។

លោកបណ្ឌិតអ៊ីតូមិមប៉េអ៊ិ (Dr. lto Minpei) បានមាន ប្រសាសន៍លើកឡើងថា៖ ជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួរបធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរ និងសត្វយ៉ាងខ្លាំងក្លា ។ តាមលទ្ធផលនៃការស្រាវជ្រាវការស្តារបរិស្ថានឡើងវិញគឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ ។ បញ្ហានេះចំណុចសំខាន់ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ ។ លោកបានបន្តទៀតថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះអាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប ។ ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹងចូលរួមអភិវឌ្ឍន៍ផងដរ ។ លោកបានបញ្ជាក់ថា៖ ក្រោយការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួចយើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុនដើម្បីអនុម័តចុងក្រោយ ៕ សំរិត


ចែករំលែក៖