ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀនចំនួន៤៩កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល បង្រ្កាបឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន៤៩កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្ដិការបង្រ្កាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្សយ័ ឈ្មោះ សែម វិសាល ស្ថិតក្នុងភូមិអណូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនសង្ស័យជាម្ចាស់ផ្ទះឈ្មោះ សែម វិសាល ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤៩កញ្ចប់តូច ,កាបូបដាក់ថ្នាំញៀន១ និងថង់វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា ជនសង្ស័យទាំង២នាក់ខាងលើ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្ម ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនបានទេ លុះមកដល់ថ្ងៃខែកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅផ្ទះរបស់ឈ្មោះ សែម វិសាល ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានសហការជាមួយផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀន ,ប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍ឆក់ឈើនាង ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សៅ វិចិត្រ រីឯជនសង្ស័យឈ្មោះ សែម វិសាល បានរត់គេចខ្លួនបាត់ស្រមោល ។ ដោយមានការសង្ស័យកម្លាំងជំនាញបានសុំការអនុញ្ញាតិពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ចុះឆែកឆេរ ផ្ទះជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៤៩កញ្ចប់ ដាក់នៅក្នុងកាបូបដៃ ,ថង់វិចខ្ចប់ និងឧបករណប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ជនសង្ស័យដែលចាប់ខ្លួនបាន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកសាងសំណុំរឿង ដើម្បីស្រាវជ្រាវចាត់ការបន្ដទៀត ៕ ស្អាងជ័យ


ចែករំលែក៖