ការផ្គត់ផ្គង់សម្ភារអេឡិចត្រូនិចដែលមានតម្លៃថោកជាងគេ របស់ក្រុមហ៊ុនហួវាយ ធ្វើឲ្យប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប មិនអាច បោះបង់ក្រុមហ៊ុននេះ តាមសំណើអាមេរិកនោះឡើយ ។
ចំណែកអាមេរិកវិញ ការកម្ចាត់ហួវាយចេញពីទីផ្សាអាមេរិក និងអន្តរជាតិ គឺជារឿងសំខាន់បំផុត ។ ទីប្រឹក្សាសេតវិមានអាមេរិកបានលើកឡើងថា រារាំង Huawei សំខាន់ជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ១០ដង ។
អតីតមន្ត្រីយុទ្ធសាស្ត្រសេតវិមាន លោក Steve Bannon បានបញ្ជាក់ថា ការរារាំងក្រុមហ៊ុន Huawei ឬកម្ចាត់ចេញពីអាមេរិក និងអឺរ៉ុប មានសារសំខាន់ ជាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយរដ្ឋាភីបាលចិន ១០ដង ។
សារព័ត៌មាន south China Morning Post បានផ្សាយថា លោក Bannon បានលើកឡើងថា ការទប់ស្កាត់ និងបណ្តេញក្រុមហ៊ុន ចិនចេញពីទីផ្សាអាមេរិក គឺជារឿងសំខាន់បំផុត ។
លោក Bannon បានបញ្ជាក់ទៅកាន់ សារព័ត៌មានហុងកុងថា «នេះជាបញ្ហាសន្តិសុខធំបំផុតរបស់បណ្តាប្រទេសលោកខាងលិច ។ ការកម្ចាត់Huawei ជារឿងសំខាន់បំផុត ដោយសារតែបច្ចេកវិទ្យា Huawei អាចគ្រប់ដណ្តប់ទៅលើ បច្ចេកវិទ្យារបស់អាមេរិក ។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា សកម្មភាពកម្ចាត់ Huawei របស់អាមេរិក គឺជារឿងសំខាន់បំផុត ដោយអាមេរិកបានមើលឃើញថា បច្ចេកវិទ្យាអាមេរិក កំពុងតែដើរថយក្រោយ បើប្រៀងធៀបជាមួយចិន ។ កន្លងមកថ្មីៗ លោកត្រាំបានបញ្ជាឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បង្កើនការស្រាវជ្រាវ បំពេញតាមតម្រូវការរបស់ពលរដ្ឋ ។
ចំណែកតំបន់អឺរ៉ុបវិញ ក្នុងនោះមាន ក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិករបស់ អាល្លឺម៉ង់ឈ្មោះ Infineon បានបញ្ជាក់ថា ខ្លួននឹងបន្តបញ្ជូនផលិតផលរបស់ខ្លួនទៅឱ្យ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានមូលដ្ឋាននៅ ទីក្រុង Shenzhen ដោយក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ បានចេញមុខបដិសេធការផ្សាយរបស់ Nikkei Asian Review របស់ជប៉ុនថា ក្រុមហ៊ុនបានផ្អាកការដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនចិនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយបន្តដោយ ដោយភ្នាក់ងារព័ត៌មាន រដ្ឋចិនស៊ីនហួ គឺក្រុមហ៊ុនផលិតអាល្លឺម៉ង់ បានពន្យល់ថា ការដឹកជញ្ជូននេះនឹងមិនបញ្ឈប់នោះទេ ដោយសារតែផលិតផល ភាគច្រើនដែលបានដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Huawei មិនមែនជាប្រធានបទដែលត្រូវដាក់កំហិត ដោយសហរដ្ឋអាមេរិក ។
សូមជម្រាបថា កាលពីសប្តាហ៍មុនក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយបានរារាំងក្រុមហ៊ុនចិន មួយនេះមិនឱ្យទទួលបានបច្ចេកវិទ្យា ឬសមាសធាតុពីក្រុមហ៊ុនអាមេរិក ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអាមេរិក ។ ទោះជាយ៉ាងណាក៏ដោយការរឹតបន្តឹងនេះត្រូវ បានដកចេញក្នុងរយៈពេលខ្លី បន្ទាប់ពីមានអាជ្ញាប័ណ្ណទូទៅបណ្តោះអាសន្ន អស់រយៈពេល ៩០ថ្ងៃ ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាផ្ទាល់ទៅក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដទៃទៀត ដើម្បីបង្កើតផែនការដើម្បី ហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុនបរទេស ដែលត្រូវបានចាត់ទុកថា បង្កឱ្យមានហានិភ័យសុវត្ថិភាពជាតិ៕