ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងអាមេរិកបញ្ចប់កិច្ចចរចារយៈពេល១២ម៉ោងនៅអារ៉ាប៊ីសាអ៊ូឌីតស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន

ចែករំលែក៖

កិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី នឹងសហរដ្ឋអាមេរិកដែលផ្តោតលើការដោះស្រាយជម្លោះអ៊ុយក្រែន និងសន្តិសុខដែនសមុទ្រនៅសមុទ្រខ្មៅបានបញ្ចប់ក្នុងរដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូ៊ឌីត បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាង 12 ម៉ោង។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីពីរគឺ RIA Novosti និង TASS ដែលដកស្រង់ប្រភពពីមន្ត្រីរុស្ស៊ីបាននិយាយថា សេចក្តីថ្លែងការណ៍រួមស្តីពីការចរចានេះត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅថ្ងៃទី 25 ខែមីនា។
យោងតាមសារព័ត៌មាន RT ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយវីដេអូខ្លីមួយដែលបង្ហាញពីគណៈប្រតិភូចរចារបស់ប្រទេសនេះចាកចេញពីកិច្ចប្រជុំ។ ក្រសួងបាននិយាយថា “ការពិគ្រោះយោបល់រុស្ស៊ី-អាមេរិកបានបញ្ចប់” ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។
លោក Grigory Karasin ដែលជាអ្នកការទូតជើងចាស់ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី និងជាសមាជិកនៃគណៈប្រតិភូរបស់ប្រទេសបានពិពណ៌នាកិច្ចពិភាក្សានៅទីក្រុង Riyadh ថាជា “ការច្នៃប្រឌិត” ប៉ុន្តែក៏ជា “បច្ចេកទេស” ផងដែរ។
លោក Karasin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលសម្រាករវាងសម័យប្រជុំថា “មិនមែនរាល់ការចរចានាំទៅរកឯកសារ ឬកិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់នោះទេ។ រឿងសំខាន់គឺរក្សាទំនាក់ទំនង និងយល់ពីតួនាទីរបស់គ្នាទៅវិញទៅមក។
ការពិភាក្សាភាគច្រើនបានវិលជុំវិញសន្តិសុខដែនសមុទ្រនៅសមុទ្រខ្មៅ និងលទ្ធភាពនៃការស្តារឡើងវិញនូវគំនិតផ្តួចផ្តើមសមុទ្រខ្មៅ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីយ៉េ។ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយលើកឡើងពីការបរាជ័យរបស់លោកខាងលិចក្នុងការបំពេញការសន្យារបស់ខ្លួន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅមុននេះថា “ប្រសិនបើអ្នករំលឹកឡើងវិញនូវកំណែដើមនៃកិច្ចព្រមព្រៀងនោះ មានកាតព្វកិច្ចសំខាន់ៗនៅខាងយើង ដែលមិនដែលត្រូវបានបំពេញ នេះនៅតែជាផ្នែកនៃរបៀបវារៈ” ។
លោក Peskov ក៏បានពន្យល់ផងដែរថា ប្រធានាធិបតីអាមេរិក Donald Trump បានផ្តោតលើគំនិតនៃការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
នៅព្រឹកព្រលឹមថ្ងៃទី 23 ខែមីនា ឆ្នាំ 2025 ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Mike Waltz បានប្រាប់ CBS News ថា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែនបានប្រមូលផ្តុំគ្នានៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
យោងតាមលោក Mike Waltz បន្ថែមពីលើបទឈប់បាញ់នៅសមុទ្រខ្មៅ គណៈប្រតិភូនឹងពិភាក្សាអំពី “ខ្សែបន្ទាត់នៃការគ្រប់គ្រង” រវាងរុស្ស៊ី និងអ៊ុយក្រែន។ លើសពីនេះ លោកថា វិធានការកសាងទំនុកចិត្តកំពុងត្រូវបានពិភាក្សា។
ដំណឹងនេះកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលបានឈានចូលដល់ឆ្នាំទី ។ កាលពីសប្តាហ៍មុន មេដឹកនាំអាមេរិកបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
ប្រភព Reuters បាននិយាយថា នាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Andrew Peek និងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael Anton គឺជាឥស្សរជននាំមុខគេនៃគណៈប្រតិភូអាមេរិកក្នុងការចរចា។ ពួកគេបានជួបជាមួយគណៈប្រតិភូអ៊ុយក្រែននៅថ្ងៃទី 23 ខែមីនា។
ទន្ទឹមនឹងនេះ គណៈប្រតិភូរុស្ស៊ីត្រូវបានតំណាងដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់) នៃប្រទេសរុស្ស៊ី Grigory Karasin និងលោក Sergei Beseda – ទីប្រឹក្សានាយកសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSS) ៕ ដោយ៖ ធីរីណា

រូបថត​៖ Sputnik


ចែករំលែក៖