ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ អត់ដឹងខ្យល់

ចែករំលែក៖

ថ្ងៃមួយម៉ែកំពុងតែបោសសម្អាតគ្រាប់បាយដែលជ្រុះរាយរប៉ាត់រប៉ាយពាសពេញឥដ្ឋ។ ទឹកមុខរបស់ម៉ែហាក់មិនសប្បាយចិត្ត ពេលឃើញចៅតូចៗហូបបាយខ្ជះខ្ជាយយ៉ាងដូច្នេះ។ ខ្ញុំបានជូតសម្អាតតុបាយ រួចប្រមូលចានយកទៅលាង។ ម៉ែរបស់ខ្ញុំរអ៊ូតែម្នាក់ឯងថា ” ក្មេងៗសម័យនេះពិតជាមិនដឹងថា តើគ្រាប់បាយមួយគ្រាប់ៗ មានតម្លៃយ៉ាងណានោះទេសម្រាប់អ្នកអត់ឃ្លាន។ ខ្ញុំយល់ពីអ្វីដែលម៉ែនិយាយ និងមិនសប្បាយចិត្តចំពោះភាពខ្ជះខ្ជាយរបស់យើង។ ម៉ែតែងតែប្រាប់ខ្ញុំអំពីរឿងកម្សត់អត់ឃ្លានដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។

   ខាងក្រោមនេះជាដំណើររឿងរ៉ាវម្ដាយរបស់ខ្ញុំដែលបានឆ្លងកាត់របបខ្មែរក្រហម÷

   កាលខ្ញុំនៅពីតូច ខ្ញុំបានឮប្រជាជនភាគច្រើននិយាយគ្នាថាប្រទេសជាតិមានស្ថានភាពមិនស្រួលទេ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងឡើយ។ ខ្ញុំគ្រាន់តែឮចាស់ៗនិយាយខ្សឹបខៀវគ្នាពីស្ថានភាពក្នុងប្រទេស ហើយនៅពេលដែលមានក្មេងៗដើរមកជិត គាត់ក៏ឈប់និយាយគ្នា។

   នៅឆ្នាំ ១៩៧៤ ខ្ញុំមានអាយុ ១៣ ឆ្នាំ ខ្ញុំសប្បាយរីករាយនឹងកុមារភាពជាអ្នកទីក្រុងដូចកុមារដទៃជាច្រើនទៀតនៅក្នុងការជួបជុំគ្រួសារ។ ខ្ញុំមានម្ដាយឈ្មោះ ដួង  សាន ហើយឪពុកឈ្មោះប្រាជ្ញ ជឹម។ ខ្ញុំមានបងប្អូនស្រីចំនួន ៧ នាក់ក្នុងឆ្នាំនោះឪពុករបស់ខ្ញុំឈប់ធ្វើទាហានហើយឈប់ទៅបន្ទាយទៀត។ បន្ទាប់ពីឈប់ធ្វើទាហានឪពុករបស់ខ្ញុំមកធ្វើជាចុងភៅឲ្យដំណាក់របស់ព្រះអង្គម្ចាស់កាលុញវិញម្ដង។ កាលនោះដំណាក់របស់ព្រះអង្គម្ចាស់កាលុញ ស្ថិតនៅវីឡាចំការមន និងពេលខ្លះនៅវីឡាទួលគោក។ ខ្ញុំចូលចិត្តដើរទៅណាមកណាជាមួយឪពុករបស់ខ្ញុំណាស់។ ឪពុកម្ដាយរបស់ខ្ញុំបានទិញដីនៅម្ដុំបឹងពោងពាយចំនួនមួយហិកតា ហើយពូរុណ ដែលជាប្អូនឪពុករបស់ខ្ញុំក៏បានទិញដីនៅក្បែរនោះមួយហិកតាដែរ។ យើងបានកាប់ឆ្ការព្រៃដើម្បីធ្វើផ្ទះនឹងដាំដំណាំ។ ពូរុណគឺជាគ្រូពេទ្យ។ ពូរុណដឹងស្ថានការណ៍ថា  ប្រទេសជាតិចាប់ផ្ដើមមិនស្រួលហើយ គាត់បានប្រាប់ថា ខាងកងកម្លាំងខ្មែរក្រហមនឹងជិតចូលដល់ក្រុងភ្នំពេញ។ នៅពេលដែលដឹងដូច្នោះ ពូរុណបានលក់ដីឲ្យគ្រួសារខ្ញុំ។ ពេលនោះឪពុករបស់ខ្ញុំបានទិញដីរបស់គាត់ថែមមួយហិកតាទៀត។ គ្រួសាររបស់ខ្ញុំបានសាងសង់ផ្ទះរួចរាល់ហើយយើងបានផ្លាស់ប្ដូរពីម្ដុំវត្តកែវព្រះភ្លើងមករស់នៅម្ដុំបឹងពោងពាយវិញ។ ឪពុករបស់ខ្ញុំបានដាំដំណាំគ្រប់ប្រភេទនៅលើផ្ទៃដីនោះ។ ក្រោយៗមក ប្រជាជនបាននាំគ្នាចាប់ផ្ដើមលក់ដីហើយរយៈពេលប្រហែលជាមួយខែក្រោយមក ខ្ញុំចាប់ផ្ដើមឮគ្រប់ផ្លោងផ្ទុះ ដែលភាគច្រើនផ្ទុះនៅពេលយប់។ នៅពេលដែលប្រទេសជាតិចាប់ផ្ដើមមិនស្រួលព្រះអង្គម្ចាស់កាលុញទ្រង់នាំគ្នារៀបចេញដំណើរទៅប្រទេសបារាំង។ ព្រះអង្គបានហៅឪពុករបស់ខ្ញុំ និងឲ្យយកប្រពន្ធកូនទៅប្រទេសបារាំងជាមួយគាត់ដែរ។ប៉ុន្តែឪពុករបស់ខ្ញុំបានបដិសេធ។ ឪពុករបស់ខ្ញុំមិនចង់បែកពីឪពុកម្ដាយរបស់គាត់ដែលកំពុងតែស្នាក់នៅក្នុងស្រុកត្រាំកក់ក្នុងខេត្តតាកែវនោះទេ។

   ក្នុងខែមេសាដែលជារដូវក្តៅហួតហែង ខ្មែរក្រហមបានបង្ខំឲ្យយើងចាកចេញពីផ្ទះពីទីក្រុងភ្នំពេញជាបន្ទាន់។ ផ្ទះរបស់ខ្ញុំមានអីវ៉ាន់ពេញផ្ទះ ព្រោះយើងបានរៀបចំសម្រាប់ថ្ងៃរៀបការរបស់បង ឡុង ដែលជាបងស្រីធំរបស់ខ្ញុំ។ យើងបានប្រមែប្រមូលរបស់របរដោយប្រញាប់បំផុតដោយយកតែរបស់របរណាចាំបាច់ប្រើប្រាស់តែប៉ុណ្ណោះ។ ឪពុករបស់ខ្ញុំបានអូសកង់ដោយមានអង្ករមួយបាវស និងឥវ៉ាន់សំពីងសំពោងជាច្រើនទៀតនៅលើកង់។ ចំណែកម្ដាយរករបស់ខ្ញុំពប្អូនតូចទើបនឹងចេះដើរតិចៗ។   ដៃម្ខាងទៀតរបស់ម្ដាយខ្ញុំកាន់ដៃប្អូនស្រីទី ៦ ឈ្មោះធំ ដែលមានអាយុលើសប្អូនពៅរបស់ខ្ញុំមួយឆ្នាំ។ មីងរិទ្ធ អូសកង់មួយដឹកមេទាចំនួន ១០ ក្បាល និងអីវ៉ាន់ជាច្រើនទៀតឡើងទ្រោមកង់មិនចាញ់ឪពុករបស់ខ្ញុំទេ។ បងប្អូនផ្សេងទៀត និងខ្ញុំដើរពីខាងក្រោយកង់ឪពុករបស់ខ្ញុំ។ យើងម្នាក់ៗចេះតែដើរទៅមុខជាមួយនឹងប្រជាជនជាច្រើននាក់នៅតាមផ្លូវ។យើងដើរកាត់ពោធិ៍ចិនតុង រួចធ្វើដំណើរឆ្ពោះទៅខេត្តតាកែវ។ ពេលយប់កន្លែងណា យើងដាំបាយហូបត្រង់កន្លែងនោះ។យើងសប្បាយចិត្តជាមួយនឹងមេទាទាំង ១០ក្បាលនោះណាស់ដែលតែងតែផ្ដល់ពងឲ្យយើងបានស្ងោរហូបជាប់តាមផ្លូវមកជានិច្ច។ នៅពេលដែលម្ដាយរបស់ខ្ញុំឃើញក្រុមខ្មែរក្រហមឆែកឆេរប្រជាជនដែលជម្លៀសនៅតាមផ្លូវ គាត់ភិតភ័យខ្លាំងណាស់ព្រោះក្នុងបាវអង្កររបស់យើងមានកាំភ្លើងខ្លីមួយដើម។ ម៉ែបានឲ្យឪពុករបស់ខ្ញុំកាយយកកាំភ្លើងទៅចោលមុនអង្គការឆែកមកដល់គ្រួសារយើង។ ម្ដាយរបស់ខ្ញុំមានលុយមួយបាវ និងខ្សែក ខ្សែដៃជិតដប់តម្លឹងយកមកតាមខ្លួន។ ក្រុមខ្មែរក្រហមបានឆែកឃើញលុយមួយបាវ ហើយបានយកលុយទាំងអស់នោះទៅដុតចចោល រួចប្រាប់យើងថាបងប្អូនណាមានលុយ ចោលទៅយើងអត់ចាយទៀតទេ។ ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តតាកែវដោយមានគម្រោងទៅរស់នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ដែលជាស្រុកកំណើតរបស់ឪពុកខ្ញុំ ប៉ុន្តែយាយមិច និង តាជឹមបាមស្កាត់ចាំជួបយើងនៅអង្គតាសោម ហើយប្រាប់កុំឲ្យយើងទៅស្រុក ព្រោះអ្នកស្រុកគ្រប់គ្នាបានស្គាល់យើងហើយថែមទាំងដឹងថា ឪពុករបស់ខ្ញុំធ្លាប់ធ្វើទាហានពីមុនមក។ យាយមិច និងតាជឹមខ្លាចខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំចោល។ នៅពេលដែលយើងដឹងដូច្នោះយើងបាននាំគ្នាធ្វើដំណើរហួសទៅស្រុកទ្រាំងដែលជាស្រុកជីដូន ជីតារបស់ខ្ញុំ។ ក្រុមគ្រួសាររបស់ខ្ញុំមានសមាជិកសរុបចំនួន ១២នាក់បានស្នាក់នៅផ្ទះមួយដែលអង្គការបានចែកឱ្យ។ ម្ដាយរបស់ខ្ញុំបានលាក់ខ្សែដៃ ខ្សែក នៅតាមបំពង់ឫស្សីនៅក្នុងផ្ទះ។ នៅពេលទៅដល់ស្រុកទ្រាំងអង្គការបានហៅយើងសួរម្នាក់ម្ដងៗ។ (នៅមានត)


ចែករំលែក៖