ព័ត៌មានទាន់ហេតុការណ៍៖

ជីវិតថ្មីរបស់ Robinho នៅក្នុងពន្ធនាគារ ខណៈដែលគាត់ព្យាយាមកាត់បន្ថយទោសប្រាំបួនឆ្នាំពីបទរំលោភបូក

ចែករំលែក៖

អតីតខ្សែបម្រើស្លាបប្រេស៉ីល Robinho របស់ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងតែអនុវត្តទោសដោយរស់នៅបន្ទប់មួយទំហំប្រាំបីម៉ែត្រការ៉េ ហើយបានចាប់យកការងារថ្មីនៅក្នុងពន្ធនាគារ ខណៈដែលគាត់ព្យាយាមកាត់បន្ថយការកាត់ទោសរយៈពេលប្រាំបួនឆ្នាំពីបទរំលោភបូក។

គាត់ផ្តល់ភាពសប្បាយរីករាយដល់អ្នកទោសជាមួយនឹងជំនាញបាល់ទាត់របស់គាត់ ហើយបានចូលរួមក្លឹបអានសៀវភៅរបស់ពន្ធនាគារ។

Robinho ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 9 ឆ្នាំកាលពីខែមីនាឆ្នាំមុន បន្ទាប់ពីតស៊ូផ្លូវច្បាប់យ៉ាងយូរ ដោយដំបូងឡើយគាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈ ហើយត្រូវបានកាត់ទោសនៅប្រទេសអ៊ីតាលីក្នុងឆ្នាំ 2017 ។

អតីតតារាបាល់ទាត់ ក្លឹប Manchester City នេះគឺជាបុរសម្នាក់ក្នុងចំណោមបុរស 6 នាក់ដែលត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើស្ត្រីជនជាតិអាល់បានីក្នុងក្លឹបរាត្រីអ៊ីតាលីកាលពីខែមករាឆ្នាំ 2013 ។ ឥឡូវនេះគាត់រស់នៅក្នុងគុកJose Augusto Cesar Salgado P2 ក្នុងទីក្រុង Tremembe រដ្ឋ Sao Paulo ប្រទេសប្រេស៊ីល។

សារព័ត៌មានអេស្ប៉ាញ Marca រាយការណ៍ថា Robinho អាចកាត់បន្ថយទោសរបស់គាត់មួយថ្ងៃសម្រាប់រាល់ 12 ម៉ោងដែលគាត់ធ្វើការ។ អតីតជម្រើសជាតិប្រេស៊ីលអាយុ 41 ឆ្នាំនេះ បានបញ្ចប់វគ្គសិក្សាអេឡិចត្រូនិចរយៈពេល 600 ម៉ោងហើយឥឡូវនេះគាត់ធ្វើការជួសជុលវិទ្យុនិងទូរទស្សន៍នៅក្នុងពន្ធនាគារដែលមានអ្នកទោសច្រើនជាង 2,500 នាក់។

Robinho ត្រូវបានកាត់ទោសដំបូងក្នុងឆ្នាំ 2017 ប៉ុន្តែត្រូវចំណាយពេល 7 ឆ្នាំដើម្បីនាំគាត់មកកាត់ទោស។ អាជ្ញាធរអ៊ីតាលីចង់ឱ្យគាត់បម្រើការរយៈពេលប្រាំបួនឆ្នាំនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែគាត់ស្ថិតនៅក្នុងប្រទេសប្រេស៊ីល ដែលជាធម្មតាច្បាប់ហាមឃាត់ការធ្វើបត្យាប័នឧក្រិដ្ឋជនក្នុងស្រុក។

ខ្សែបម្រើស្លាបរូបនេះបានឆ្លងកាត់សាលាបាល់ទាត់ Santos ជាកន្លែងដែលគាត់ត្រូវបានគេមើលឃើញថាជាតារាឆ្នើមម្នាក់របស់ប្រេស៊ីល។ 

គាត់បានលេង 137 ប្រកួតសម្រាប់ Real Madrid, 53 សម្រាប់ Man City និង 144 សម្រាប់ AC Milan ក្នុងអំឡុងពេលអាជីពរបស់គាត់។ គាត់ក៏បានបង្ហាញខ្លួន 100 លើកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ៕

ដោយ៖ ភារៈ


ចែករំលែក៖