ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីសាច់ញាតិប្រឹងប្រែងជួយគ្រាហ៍ដល់លំនៅឋាន ខណៈជនរងគ្រោះដួលផ្កាប់មុខនៅពេលកំពុងលេងបាល់ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះឈ្មោះ រង សៅវី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើបន្តថា មុនដំដូងគេឃើញជនរងគ្រោះលេងបាល់ធម្មតា ស្រាប់តែដកដង្ហើមហត់ៗ មានសភាពស្លេកស្លាំង រួចដួលផ្កាប់មុខទៅលើដី ខណៈនោះ គេជួយគ្រាយកទៅផ្ទះក៏ដាច់ខ្យល់ស្លាប់តែម្ដង ។
ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ជុំវិញបញ្ហាដែលបានកើតឡើង រួចសន្តិដ្ឋានអាចបណ្ដាលមកពីរត់លេងបាល់ហត់ខ្លាំង និងមានបញ្ហាបេះដួង ។
សាកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន