ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់យ៉ាងសកម្ម នៅចាក់អង្រែ ជាប់អន្ទាក់ ប៉ូលិស នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរឆក់យ៉ាងសកម្មប្រចាំចាក់អង្រែ ដែលតែងតែមកធ្វើ សកម្មភាពនៅក្រុងតាខ្មៅនោះ​ ត្រូវបាននគរបាលក្រុងតាខ្មៅ​ ក្របួចជាប់បានហើយ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ ស​ កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទី ចំណុចផ្លូវ២១A មុខសាលាវិក្រឹត្យការ ខេត្តកណ្តាល ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ១នាក់ ភេទស្រី (មិនស្គាល់អត្តសញ្ញាណ) ។

ជនសង្ស័យ២នាក់ ទី០១ឈ្មោះ ផន ពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់រ៉ឺម៉កកង់បីដឹកពងទា (ឃាត់ខ្លួន) ទី០២ឈ្មោះ ផល ផៃ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិច ពណ៌ខ្មៅ ស៊េរី ២០១២ ពាក់ស្លាកលេខភ្នំពេញ1BX-7855 (របស់ជនល្មើសជិះធ្វើសកម្មភាព) ។ កាបូបស្ពាយពណ៌ខ្មៅ០១(របស់ជនសង្ស័យ) ។

លោកវរសេនីយ៍ ស​ កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ​ បានអោយដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកSCOOPy តែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ដោយជិះបណ្តើរចុចទូរស័ព្ទបណ្តើរ លុះជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX 7855 តាមមកពីក្រោយ មកដល់ទន្ទឹម បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាម ពេលនោះជនសង្ស័យ ជិះម៉ូតូគេចទៅបុករ៉ឺម៉កកង់៣ បណ្តាលឲ្យជនសង្ស័យ ដួលម៉ូតូត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។ ចំណែកឯជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនវិញ រួចជិះម៉ូតូចេញទៅបាត់ទៅ ។

ករណីនេះកម្លាំង ជំនាញកំពុងកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖