ភ្នំពេញ៖ បុរសម្នាក់បានសម្រេចផ្តាច់ជីវិតខ្លួនឯង ដោយយកក្រណាត់អាវចង.ក ធ្វើអត្តឃាតស្លាប់នៅលើដើមកាស្សា វត្តស្លែង បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោងថ្ងៃត្រង់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានថា សពបុរសរងគ្រោះ ឈ្មោះ ម៉ែន សំអន អាយុ៣៥ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ក្រោយពីសួរនាំបងប្អូនសាច់ញាតិ សពបុរសនោះរួច សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការផ្តាច់ជីវិតខ្លួនឯងបែបនេះ ដោយសាររូបគេសុំលុយពីបងស្រីចំនួន២មឺុនរៀលដើម្បីយកទៅលោះទូរស័ព្ទដែលដាក់បញ្ចាំកន្លងមក ប៉ុន្តែត្រូវបងស្រីបដិសេធមិនអោយ ទើបសម្រេចចិត្តមកចង.កសម្លាប់ខ្លួនតែម្តង ។
សមត្ថកិច្ចបានបន្តថាមុនពេលភ្ញាក់ផ្អើល កូននេនមួយអង្គ បានកាន់សៀវភៅនិមន្តទៅក្រោយវត្តក្បែរចេតីយ៍ ស្រាប់តែប្រទះឃើញសពបុរសខាងលើចង.កជាប់ដើមកាស្សា ដោយយកក្រណាត់អាវទៅចង ។ កូននេនក៏បាននិមន្តទៅប្រាប់ព្រះចៅអធិការវត្តហើយរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។
សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រីជំនាញ ចុះមកពិនិត្យ ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក សម្លាប់ខ្លួនប្រាកដមែន និងធ្វើលិខិតស្នាមប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ