ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនចូលពន្ធនាគារបណ្ដោះអាសន្ន បានសម្រេចនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យខាងលើបានប្រើ
គណនេយ្យ facebook ឈ្មោះ គឹម បញ្ញា (Kim Panha) ហើយបានបង្ហោះសារជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេស នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នគរបាលបានឲ្យដឹងថា ក្រោយពីមានការបង្ហោះនូវសារជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូល សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ រហូតរកឃើញជនសង្ស័យឈ្មោះ គឹម បញ្ញា (Kim Panha) អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈសមត្ថកិច្ច បាននាំខ្លួនមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា នៅក្នុងអំឡុងឆ្នាំ២០១៨ ខ្លួនបានចូលធ្វើការនៅក្រុមហ៊ុនកាស៊ីណូ បាវិតម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនោះខ្លួនបានទិញទូរសព្ទដៃ១គ្រឿង ប្រភេទស្មាតហ្វូន រួចក៏បង្កើតហ្វេសប៊ុក ឈ្មោះ គឹម បញ្ញា (Kim Panha) ហេីយពេលដែលខ្លួនបង្ហោះហ្វេសប៊ុកម្ដងៗ ខ្លួនតែងតែ បង្ហោះ ជេរព្រះមហាក្សត្រ ជេរសម្ដេចហ៊ុន សែន ជេរសម្ដេច ជា ស៊ីម។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យជំនាញខេត្តបញ្ជូនទៅពន្ធនាគារខេត្តស្វាយរៀងបណ្ដោះអាសន្ន ៕ យឹម សុថាន