ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបានស្ទាក់ចាប់រថយន្តដឹកជ្រូក៣៧ក្បាល ចូលតាមច្រករបៀងព្រៃតាអីកាលពីវេលា១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ចំណុច វត្តស្វាយរំពារ ឃុំស្វាយរំពារ ស្រុកស្វាយទាប ។
យោងតាមមន្ត្រី ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអគ្គនាយកដ្ឋាន បានសហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានស្ទាក់ចាប់រថយន្តមួយគ្រឿង ដែលដឹកជ្រូកចំនួន៣៧ក្បាលនៅចំណុច វត្តស្វាយរំពារ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលដឹកចេញពីច្រកចំការអំពៅភូមិព្រៃតាអី ឃុំព្រៃតាអីស្រុកស្វាយទាប ឆ្ពោះទៅកាន់ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។
ប្រភពបានបន្តថា បទល្មើស និងវត្ថុតាងទាំងនោះ បានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា ទោះបីមន្ត្រីជំនាញខិតខំបង្ក្រាបការនាំចូលសត្វជ្រូករស់ សាច់ជ្រូកពីប្រទេសជិតខាងយ៉ាងណា ក៏ឈ្មួញខិលខូចនៅតែឆ្លៀតឱកាសលួចនាំចូលតាមច្រករបៀងមួយចំនួននៃខេត្តស្វាយរៀង ដែលជាច្រកមួយពុំសូវមានសមត្ថកិច្ចគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ មួយវិញទៀតលោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានទៅមន្ត្រី ដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់នៅខេត្តមួយនេះឲ្យ ទប់ស្កាត់ឲ្យខាងតែបាន ក្នុងបង្ក្រាបការនាំចូលសត្វជ្រូករស់ ក៏ដូចជាសាច់ជ្រូក បើច្រកមួយហ៊ានអនុញ្ញាតឲ្យសត្វជ្រូកចូលត្រូវ វះកាត់ដែលជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ៕ យឹម សុថាន