ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅអ៊ីស្រាអែល ផ្ទះជាច្រើនខ្នងរងការបំផ្លាញ

ចែករំលែក៖

អាកាសធាតុក្តៅខ្លាំង គ្របដណ្តប់នៅតំបន់ភាគកណ្តាល ប្រទេសអ៊ីស្រាអែល បង្កឲ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ ។ កម្លាំងពន្លត់អគ្គិភ័យ អ៊ីស្រាអែលមិនទប់ស្កាត់ ការរាលដាល នៃភ្លើងឆេះព្រៃបានឡើយ ធ្វើឲ្យរដ្ឋាភិបាលព្រួយបារម្ភយ៉ាងខ្លាំង ។

នៅពេលនេះដែរ រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី២៣ ខែឧសភា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយពន្លត់ភ្លើងឆេះព្រៃ រាប់សិបកន្លែង នៅតំបន់ភាគកណ្តាលប្រទេសនេះ ។ ភ្លើងឆេះព្រៃកើតឡើង ដោយសារតែអាកាសធាតុក្តៅ ដល់ទៅជាង៤០អង្សាសេ ។

ភ្លើងឆេះព្រៃ បានកម្ទេចផ្ទះពលរដ្ឋ ១៦ខ្នង និងធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ចរាចរណ៍ផ្លូវដែក ក៏ត្រូវបានផ្អាក ធ្វើឲ្យអ្នកដំណើររងផលប៉ះពាល់យ៉ាងខ្លាំង ។

នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី២៣ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឲ្យ ក្រសួងសន្តិសុខជាតិ និងក្រសួងការបរទេសអំពាវនាវ ឲ្យមានការជួយអន្តរគមន៍ពីបរទេស ។ រដ្ឋាភិបាលបានបញ្ជូនក្រុមការងាទៅកាន់ប្រទេសជិតខាង សុំជំនួយ ក្នុងនោះមាន ប្រទេសក្រិច Cyprus , Italy, Croatia ជាដើម ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យប្រឈម និងបញ្ហា ឧបស័គជាច្រើនដោយសារតែខ្យល់ខ្លាំង ។ រដ្ឋាភិបាលក៏បានត្រៀមលក្ខណៈប្រកាសអាសន្នទូទាំងប្រទេសពីភ្លើងឆេះព្រៃនេះផងដែរ ប្រសិនបើស្ថានភាពភ្លើងឆេះព្រៃបន្តឆេះខ្លាំងនោះ ៕


ចែករំលែក៖