ព័ត៌មានទាន់ហេតុការណ៍៖

របួស៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា រវាងអ្នកជិះម៉ូតូបុកមនុស្សកំពុងដើរ និងម៉ូតូ និងម៉ូតូ ។

ប្រភពពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោង៨ និង០០នាទី យប់ ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងលិចរង្វង់មូលចម្ងាយប្រមាណ ៤០ម៉ែត្រ ស្ថិតក្នុងភូមិ.ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 4340 ឈ្មោះ ម៉ៃ សុខុម ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ (ស្រាល) បានបុកឈ្មោះ ចាន់ ជិន ភេទប្រុស អាយុ ៨៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ.ឃុំ ជាមួយគ្នា(ធ្ងន់) ។

ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឯណេះវិញ បានឲ្យដឹងដែរថា នៅវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ១៥៥ នៅចំណុចមុខផ្ទះឈ្មោះ គង់ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកផងដែរ រវាងអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វាបុកអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ដួចគ្នាដែលកំពុងដំណើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ។

ប្រភពព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបន្តទៀតថា ចំពោះជនរងរបួសសមត្ថកិច្ចជួយសម្រួលបញ្ជូនទៅព្យាបាល ចំណែកវត្ថុតាងម៉ូតូជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលមូលដ្ឋាន យកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំវាស់វែង និងដោះស្រាយគ្នាជាក្រោយ ៕ ប៉ឹម ពិន


ចែករំលែក៖