ខេត្តសៀមរាប៖ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្នទៅលើមន្រ្ដី បម្រើការងារនៅសាលាស្រុកស្វាយលើ រវល់តែមើលទូរស័ព្ទ ធ្វើឲ្យការយឺតយ៉ាវ រួចមក ស្រាប់តែ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាឲ្យមន្រ្ដីចុះស្រាវជ្រាវ លើមន្រ្ដីបម្រើការងារទាំងនោះ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែ រដ្ឋបាលស្រុកស្វាយលើ បានចេញលិខិតបំភ្លឺ ចំពោះការចោទប្រកាន់មួយ តាមរយះទំព័រហ្វេសប៊ុក ។
ខាងក្រោមនេះ គឺជាសេចក្តីបំភ្លឺដែលបានសរសេរថា ៖ រដ្ឋបាលស្រុកស្វាយលើ មានកិត្តិយសសូមជម្រាបជូន សាធារណៈជនទាំងអស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែ ពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩.៤៥ នាទីព្រឹក មានអាខោនហ្វេសប៊ុកឈ្មោះ កូននាក់ស្វាយលើ និង ឈ្មោះ មេផ្ទះ-Housewife បានបង្ហោះខ្លឹមសារទាក់ទងទៅ និងការងារបម្រើសេវាអត្រានុកូលដ្ឋានយឺតយ៉ាវ និង រូបភាពមន្ត្រីកំពុងមើលទូរស័ព្ទ ។
ដូចនេះរដ្ឋបាលស្រុកស្វាយលើ សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖១- កន្លងមករដ្ឋបាលស្រុក បានបម្រើសេវាសាធារណៈផ្នែកការងារអត្រានុកូលដ្ឋានមិនដែលឲ្យលើសពីរយៈពេលបីថ្ងៃទេ ហើយពេលខ្លះយើងឲ្យប្រជាពលរដ្ឋគាត់រង់ចាំរយៈពេលតែកន្លះម៉ោង ទៅពីរម៉ោងពួកគាត់អាចទទួលសេវាប្រភេទនេះយកទៅប្រើប្រាស់បាន លើកលែងតែ ការស្នើសុំកែតម្រូវទិន្ន័យអត្រានុកូល ដ្ឋាន ទើបត្រូវប្រើរយៈពេលយូលើសពីមួយខែព្រោះមាននីតិវិធីច្រើនត្រូវដាក់ឆ្លងជូនក្រសួងមហាផ្ទៃពិនិត្យ សម្រេច ។
ចំពោះប្រជាពលរដ្ឋដែលបានបាត់ ខូច ភ្លើងឆេះ…សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ ពេលគាត់មករកសេវា មន្ត្រីយើងតែងតែសាកសួររាល់ព័ត៌មាន និង ឯកសារពាក់ព័ន្ធដូចជា សៀវភៅគ្រួសារ កាលបរិច្ឆេទដែលធ្វើនៅថ្នាក់ឃុំ សង្កាត់ និងសាច់ញ្ញាត្តិដែលធ្លាប់ធ្វើជាមួយ ដើម្បីងាយស្រួលក្នុងការស្វែងរកក្បាលសៀវភៅ និងឈ្មោះសាម៉ីខ្លួន… ។
ចំពោះប្រជាពលរដ្ឋមួយចំនួនពេលគាត់មករកសេវាប្រភេទនេះនៅថ្នាក់ស្រុក តែពួកគាត់មិនមានឯកសារអ្វីទាំងអស់ និងមិនដឹងធ្វើនៅឆ្នាំណា ដូច្នេះមន្ត្រីអត្រានុកូលដ្ឋានយើងពិបាកស្វែងរកជូនពួកគាត់មិនដឹងថាគាត់បានធ្វើ ឬមិនបានធ្វើទើបធ្វើឲ្យមានការយឺតយ៉ាវខ្លះក្នុងការស្វែងរក តែក៍មិនយឺតយ៉ាវរហូតដល់កន្លះខែ ឬមួយខែដូចការចោទប្រកាន់នេះដែរ ។ ២- ចំពោះរូបភាពដែលចោទប្រកាន់មន្ត្រីយើងដែលមើលទូរស័ព្ទដៃគឺពួកគាត់មានចេតនាលួចថតមន្ត្រីពេលម៉ោងសម្រាកពីការងារក្នុងគោលបំណងធ្វើឲ្យអាប់អោនស្ថាប័ននៃរដ្ឋបាលស្រុកទាំងមូល ព្រោះនៅពេលខ្លះ មន្ត្រីយើងប្រើទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងការងាររដ្ឋបាលផ្សេងៗផងដែរ ។
ជាងនេះទៅទៀតនៅរដ្ឋបាលស្រុកពាក់ព័ន្ធទៅ និងការងារបន្ទាន់ និងការងារសេសសល់មួយចំនួន ដោយមានការណែនាំពីថ្នាក់ដឹកនាំស្រុកមន្ត្រីយើងឆ្លៀតពេលធ្វើការងារ ក្នុងចណ្លោះម៉ោងសម្រាកម្តងម្កាលដើម្បីឲ្យសម្រេចបានតាមការកំណត់ ។
ពាក់ព័ន្ធ និងការចោទប្រកាន់ខាងលើនេះ រដ្ឋបាលស្រុកបានកោះប្រជុំជាមួយមន្ត្រីអត្រានុកូល ដ្ឋានភ្លាម ហើយមន្ត្រីទាំងអស់បានឆ្លើយបំភ្លឺថាកន្លងមកមិនដែលមានប្រជាពលរដ្ឋណាមកឲ្យរកសំបុត្រអត្រានុកូលដ្ឋានដែលបាត់ហើយរកមិនឃើញហួសពីកន្លះខែទៅមួយនោះដែរ គឺរដ្ឋបាលស្រុកតែងតែឆ្លើយតបទៅសាម៉ីជនវិញ ប្រសិនបើករណីរកមិនឃើញក្នុងសៀវភៅអត្រានុកូលដ្ឋានដែលរក្សានៅសាលាស្រុក ។
ដូចនេះ រដ្ឋបាលស្រុកស្វាយលើ សូមជម្រាបជូនម្ចាស់អាខោន កូននាក់ស្វាយលើ និង មេផ្ទះ-Housewife មេត្តាជ្រាបថា ប្រសិនជាម្ចាស់អាខោនទាំងពីរនេះធ្លាប់បានមករកសេវាប្រភេទនេះពីរដ្ឋបាលស្រុកស្វាយលើកន្លងមកមែន សូមមកទំនាក់ទំនងផ្ទាល់ ដើម្បីរដ្ឋបាលស្រុកមានមូលដ្ឋានសាកសួរព័ត៌មានពាក់ព័ន្ធ និងឯកសារដែលបាត់ និងដើម្បីងាយស្រួលក្នុងការស្វែងរកជូនបានលឿន ។
អាស្រ័យដូចបានបកស្រាយបំភ្លឺក្នុងខ្លឹមសារខាងលើ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ។
ថ្ងៃព្រហស្បតិ៍០៥ កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣
ស្វាយលើ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី