ព័ត៌មានទាន់ហេតុការណ៍៖

បុរសបុគ្គលិកអនាម័យម្នាក់ ឡើងបាញ់ថ្នាំសត្វប្រចៀវក្នុងស្តាតអូឡាំពិច ធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបរិវេណស្តាតអូឡាំពិច (កន្លែងលេងបាល់ស្កេត) ខណៈដែលគាត់ឡើងបាញ់ថ្នាំសត្វប្រចៀវ បណ្ដាលឲ្យធ្លាក់ចុះមកខាងក្រោមបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃសុក្រ៦រោច ខែពិសាខ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករារាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សន ស៊ីម អាយុ២៣ ភេទប្រុសមុខរបរជាកម្មករបាញ់ថ្នាំប្រចៀវ ដំបូងឡើងជនរងគ្រោះបានឡើងទៅបាញ់ថ្នាំសត្វប្រចៀវ ខណៈដែលកំពុងបាញ់នោះ គឺជនរងគ្រោះបានជាន់លើសំណាញ់ដែលលួសខាងលើកម្ពស់ជាង២០ម៉ែត្រ បណ្ដាលឲ្យដាច់ធ្លាក់ចុះមកក្រោមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

បន្ទាប់ពីហេតុការណ៍កើតឡើង ពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងអ្នកមើលការខុសត្រូវក្នុងស្តាតអូឡាំពិចចុះទៅដល់កន្លែងកើតហេតុបានទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យ ដើម្បីពិនិត្យទៅ លើសាកសពរបស់ជនរងគ្រោះ ។ ក្រោយពីកោសល្យវិច្ច័យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

អ្វីដែលគួរកត់សម្គាល់ គឺអ្នកមើលការខុសត្រូវក្នុង ស្តាតអូឡាំពិច និង សមត្ថកិច្ចហាក់បីដូចជា មានការលាក់បាំងព័ត៌មាន ដោយបានបញ្ជាឲ្យសន្តិ សុខប្រចាំស្តាតអូឡាំពិក ដើរដេញអ្នកព័ត៌មានមិនឲ្យថតរូប និង មិនឲ្យនៅក្បែរទីតាំងកើតហេតុខាងលើនោះទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេមិនដឹងថា ករណីខាងលើនេះពិតជាករណីធ្លាក់ខ្លួនឯង ឬ ក៏ជាករណីអ្វីពិតប្រាកដនៅឡើយព្រោះមិនមានប្រភពណាមួយដែលបញ្ជាក់ច្បាស់ថាជនរងគ្រោះពិតជាធ្លាក់ពិតប្រាកដមែន ៕ ជ្រោយពេជ្រ


ចែករំលែក៖