ភ្នំពេញ៖ តុលាការកំពូល រកឃើញថា ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ គឺ ជាឃាតកម្នាក់គត់ ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហេីយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
សេចក្តីសម្រេចបិទផ្លូវតវ៉ារបស់តុលាការកំពូល នាពេលនេះ គឺ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
ទោះបីយ៉ាងណា រឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដ៏កក្រេីក នេះ តុលាការបានបំបែកសំណុំរឿងជា២ ដោយស្វែងរកអ្នកលក់កាំភ្លើងឱ្យជួប សម្លាប់ និង អ្នកផ្តល់កន្លែងស្នាក់នៅឱ្យជួប សម្លាប់ នារាជធានីភ្នំពេញ ដែលរយៈពេលជាង២ឆ្នាំមកនេះ តុលាការពុំទាន់បង្ហាញលទ្ធផលបែបណានៅឡើយទេ ។
ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ២០១៦ បន្ទាប់ពីមានករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅចំណុចផ្សារស្តាម៉ាតស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការស្លាប់របស់លោកបណ្ឌិត កែម ឡី ធ្វើឡើងអ្នកគាំទ្រលោក ក្តុកក្តួលយ៉ាងខ្លាំង និង ទាមទារដាច់ខាតដេីម្បីស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិតកែម ឡី ។
មូលហេតុនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ សារភាពថា ដោយសារលោកបណ្ឌិត កែម ឡី ជំពាក់ប្រាក់មិនសង ៕ចេស្តា