ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ MSX បុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យប្រុស ស្រី២នាក់ រងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនប្រុសស្រីពីរនាក់ បើកម៉ូតូមួយគ្រឿងយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿង បើកបត់ឆ្វេងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត និងមនុស្សខ្ទាតចេញរងរបួសធ្ងន់២នាក់ ។

ហេតុការណ៌នេះ បានកើតឡើងនៅម៉ោងជិត១១យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទ្រុងមាន់ ខាងមុខសកលវិទ្យាល័យកម្ពុជា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនប្រុស ស្រីពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G.1203 ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តនីសាន់ (NISSAN)មួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V.7880 បើកដោយមន្ត្រីយោធាម្នាក់ស្របទិសគ្នានៅខាងមុខ ហើយបានបត់ឆ្វេង ត្រូវម៉ូតូបុពេញទំហឹងបណ្តាលឲ្យ ម៉ូតូចូលក្រោមរថយន្តបចំណែកប្រុសស្រីពីរនាក់ខ្ទាតចេញរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយ ក៏ទាក់ទងជំនាញចរាចរវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖