ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ កំពុងដើរតាមផ្លូវបណ្ដាលឲ្យនារីរង គ្រោះ និងជនសង្ស័យដួលទាំងអស់គ្នា ត្រូវបាននារីរងគ្រោះស្រែកចោរៗស្របពេលសមត្ថកិច្ចកំពុងតែប្រចាំការ នៅប៉ុស្តិ៍ចេញមកចាប់បានជនសង្ស័យ២នាក់ រត់រួច២នាក់ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០ រំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៩ កែងនឹងផ្លូវ១២៨ ជាប់ប៉ុស្តិ៍មិត្តភាព ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖មានឈ្មោះសុខ រ័ត្ន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបសិស្សសាលាជា ស៊ីម សាមគ្គី ថ្នាក់ទី៩ ស្នាក់ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាអ្នកឌុប ។
ជនសង្ស័យទី២៖មានឈ្មោះគង់ ភារ៉ា អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ ស្នាក់ភូមិចំរើនផលសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះប៉ាល់ សុភាព អាយុ៣០ឆ្នាំមុខរបរធ្វើការនៅ យេសKTVជិតផ្ការាំ ទឹករាំ ស្នាក់នៅផ្ទះជួល ជិតទីតាំងកន្លែងកើតហេតុមានស្រុកកំណើតភូមិសាយខ ស្រុកពាមរក៌ ខេត្តព្រៃវែង ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញពីធ្វើការបានដើរតាមផ្លូវលេខ១៣៩ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យបើកម៉ូតូពីរគ្រឿងមួយ គ្រឿងម៉ាក ស្មាក់រីរីវ៉ូរ មិនចាំស្លាកលេខ ជិះហួសហើយមួយគ្រឿងទៀតជិះត្រឡប់ក្រោយវិញ ម៉ាកហុងដា BEAT ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HN 0337 បានធ្វើសកម្មភាពឆក់កាបូប ស្ពាយរបស់គាត់បណ្ដាឲ្យដួលរងរបួសរលាត់កែងដៃ រួចក៏ទាញកាបូបមកវិញ បណ្ដាលឲ្យដួលម៉ូតូជនសង្ស័យ ហើយគាត់បានស្រែកចោរៗ ស្របពេលសមត្ថកិច្ច ប្រចាំការនៅប៉ុស្តិ៍ ចេញមកអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និង២នាក់រត់បាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចប្រគល់កាបូបឲ្យវិញ ដែលមានទូរស័ព្ទមួយគ្រឿង និងលុយមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនចូលប៉ុស្តិ៍មិត្តភាព ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌ៧ មករាចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ