ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម ចូលហូបចុក ស្រវឹងប្រើហិង្សា ទាត់ធាក់ក្បាល នារីបម្រើខារ៉ាអូខេម្នាក់ ត្រូវបានក្រមសន្តិសុខសម្របសម្រួល ជាករណីហិង្សាធម្មតាទៅវិញ ដោយភាគីជនជាតិចិនសងសំណងឲ្យនារីរងរងគ្រោះ ដើម្បីបញ្ចប់រឿងកុំឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកទាន់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត០២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងហាងខារ៉ាអូខេមួយ យីហោ “សប្បាយ ខារ៉ាអូខេ – Sabay KTV” ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ លីនដា អាយុ២០ឆ្នាំ មុខរបរធ្វើការក្នុងហាងខារ៉ាអូខេកើតហេតុ ។
ប្រភពព័ត៌មាននៅក្បែរកន្លែងកើតហេតុបន្តថា នៅមុនពេលកើតហេតុ គឺមានក្រុមជនជាតិចិនមួយ បានចូលមកហូបចុកច្រៀងខារ៉ាអូខេក្នុងហាង រហូតមកទល់នឹងម៉ោងជិត២រំលងអាធ្រាត្រ មិនដឹងថា មានរឿងអ្វីឡើយ ស្រាប់តែក្រុមជនជាតិចិនដែលហូបចុកទាំងនោះ បានបង្កហិង្សាទាត់ធាក់ក្បាលនារីបម្រើខារ៉ាអូខេម្នាក់ បង្កការភ្ញាក់ផ្អើលពេញក្នុងខារ៉ាអូខេ
ទើបក្រុមសន្តិសុខចុះទៅឃាត់ជនជាតិចិនម្នាក់ ក្នុងចំណោមក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់នោះ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ។
ក្រោយមកដោយមានការសម្របសម្រួលពីក្រុមសន្តិសុខ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ និងកុំឲ្យប៉ះពាល់ដល់ហាងទៀតនោះ នារីរងគ្រោះ ទាមទារជំងឺចិត្ត ២០០ដុល្លារ ពីជនជាតិចិនបង្ក ហើយជនជាតិចិននោះ ក៏យល់ព្រមសងសំណងឲ្យនារីរងគ្រោះដើម្បីបញ្ចប់រឿងផងដែរ ហើយគិតលុយចេញទៅបាត់ ៕ ជ្រោយពេជ្រ